កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលចម្ងាយវែងព្រឹកនេះ តើវាមានអនុភាពប៉ុណ្ណា?
កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលចម្ងាយវែងនៅព្រឹកថ្ងៃអាទិត្យនេះ នេះបើយោងតាមការអះអាងពីមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងអះអាងនៅថ្ងៃអាទិត្យនេះ។ សកម្មភាពនេះត្រូវបានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថ្កោលទោសដោយអះអាងថា «ជាអំពើបង្កអស្ថិរភាព និងបង្កបញ្ហា»។
តើមីស៊ីលថ្មីនេះមានកម្រិតប៉ុណ្ណា?
តាមរយៈមីស៊ីលថ្មីនេះ កូរ៉េខាងជើងអះអាងថា ជាការបាញ់បង្ហោះផ្កាយរណបមួយទៅក្នុងគន្លងអវកាស ក៏ប៉ុន្តែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងវាយតម្លៃថា នេះជាសញ្ញាឈានមុខមួយនៃការសាកល្បងមីស៊ីលអន្តរទ្វីប ខណៈដែលខែមុនកូរ៉េខាងជើងទើបនឹងសាកល្បងគ្រាប់បែកអ៊ីដ្រូហ្ស៊ែនបានដោយជោគជ័យ។
ទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកបានលើកឡើងថា រ៉ុកកែតនោះគឺហោះបានចំគន្លងរបស់វាដែលមិនបង្កការគម្រាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យមានកិច្ចប្រជុំបន្ទាន់នៅថ្ងៃអាទិត្យនេះ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលនេះ៕
ដោយ៖ រតនៈវិភូ