នៅពេលទិញផ្ទះលើកដំបូងតើត្រូវចំណាយលើសេវាបន្ថែមអ្វីខ្លះ?
ការទិញផ្ទះថ្មី ដើម្បីរស់នៅគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ ដោយសារភាគច្រើនអ្នកទាំងនេះកំពុងជួលផ្ទះដើម្បីស្នាក់នៅ ប៉ុន្តែពួកគេក៏កំពុងពិចារណាទិញផ្ទះមួយសម្រាប់គ្រួសារទាំងមូលផងដែរ។
ទោះជាយ៉ាងណាក៏ដោយការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះនោះទេ ប៉ុន្តែអ្នកក៏ត្រូវចំណាយលើការចំណាយផ្សេងៗបន្ថែមទៀតទាក់ទងនឹងអចលនទ្រព្យនេះ។ ដូច្នេះវាជាការសំខាន់បំផុតដែលអ្នកត្រូវស្វែងយល់អំពីការចំណាយបន្ថែមដែលទាក់ទងនៅពេលទិញអចលនទ្រព្យ ដើម្បីជៀសវាងការខកចិត្តណាមួយ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួន ដែលផ្តល់ជូនដោយ Realestate.com.kh នឹងជួយដល់ អ្នកទិញផ្ទះលើកដំបូងអោយធ្វើការគ្រប់គ្រង និងបែងចែកថវិកាសម្រាប់ផ្ទះថ្មីនេះឲ្យបានត្រឹមត្រូវ៖
ថ្លៃសេវាកម្ចីឥណទាន និងថ្លៃសេវាផ្នែកច្បាប់៖ នៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកផ្តល់កម្ចី ឬធនាគារតម្រូវឲ្យអ្នកបង់ថ្លៃសេវាកម្ម នៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចីមានន័យថាអ្នកត្រូវបង់ ១ ភាគរយ នៃប្រាក់កម្ចីសរុបដល់ធនាគារ។ ដូចគ្នានេះដែរ អ្នកក៏ត្រូវបង់ប្រាក់ចំនួន ២៥០ ដុល្លារទៅឱ្យមេធាវីសម្រាប់ សេវាកម្មផ្នែកច្បាប់ ពាក់ព័ន្ធនឹងដំបូន្មានផ្នែកច្បាប់ ការត្រួតពិនិត្យអចលនទ្រព្យ និងដំណើរការច្បាប់។
ថ្លៃសេវាលើការផ្ទេរកម្មសិទ្ធិ៖ វាគឺជាថ្លៃសេវាពន្ធប្រថាប់ត្រាដែលត្រូវផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញ។ អ្នកទិញផ្ទះត្រូវបង់៤%នៃតម្លៃផ្ទះសរុបដែលត្រូវផ្ទេរកម្មសិទ្ធិ ហើយក៏ត្រូវបង់ប្រាក់ចំនួន១,០០០ដុល្លារសម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ជាធម្មតាដំណើរផ្ទេរប្លង់ត្រូវចំណាយរយៈពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប្លង់រឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងជាលិខិតបញ្ជាក់កម្មសិទ្ធិ ដែលចេញដោយការិយាល័យសុរិយោដីថ្នាក់ជាតិ ដែលជាទម្រង់នៃប័ណ្ណកម្មសិទ្ធិ ដែលមាន សុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់ស្រុក និងឃុំ។
ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖ ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញ សេវាធានារ៉ាប់រងផ្ទះ ប្រសិនបើពួកគេខ្ចីលុយពីធនាគារ។ ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃនៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់ ១០០ ដុល្លារ ឬខ្ពស់ជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះត្រឹម ១០០,០០០ ដុល្លារ ឬក្រោមនេះ ម្ចាស់ផ្ទះត្រូវតែបង់ប្រាក់ក្រោម ១០០ ដុល្លារក្នុងមួយឆ្នាំ។
ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ៖ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន ៣% ពីអ្នកលក់ ហើយមិនគិត សេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះ អ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃ ជើងសារ ៣% ដែរ នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេល ដែលអ្នកលក់មិនមានបំណងលក់ផ្ទះ ប៉ុន្តែអ្នកទិញមានចង់ទិញនោះ ហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។
អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖ អ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជា ជាធម្មតាមិនមានលុយគ្រប់គ្រាន់ ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកកម្ចីទិញផ្ទះជាមួយស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសយកការចំណាយជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយលើការប្រាក់នៃកម្ចីទិញផ្ទះនោះ។ នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យធានាដូចជា៖ ប្លង់រឹង និងលិខិតបញ្ជាក់ ប្រាក់ចំណូលជាដើម ទើបទទួលបានការអនុម័តប្រាក់កម្ចី។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រយៈពេលរហូតដល់ ១៥ ឬ ២០ ឆ្នាំ អាស្រ័យលើលក្ខខណ្ឌ ដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៧% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។
សេវាផ្ទៀងផ្ទាត់ប្លង់៖ នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិត តម្លៃប្រហែលជា ១២.៥០ដុល្លារ។
ពន្ធលើអចលនទ្រព្យ៖ គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំ ទោះជាយ៉ាងណាក៏ដោយពន្ធនេះនឹងត្រូវបានអនុវត្តន៍ តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារ ឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធអចលនទ្រព្យត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យសរុប។ ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយ នៃតម្លៃអចលនទ្រព្យ សរុបដកនឹងចំនួន ២៥,០០០ដុល្លារ ហើយបន្ទាប់មកគុណនឹង ០.១ ភាគរយ។ តម្លៃ អចលនទ្រព្យអាចទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដោយផ្អែកលើ កត្តាជាច្រើន ក្នុងនោះការប្រមូលទិន្នន័យលើអចលនទ្រព្យគឺទាក់ទងនឹងតម្លៃទីផ្សារ គុណភាព និងទីតាំងរបស់វា។
ការចំណាយសេវាផ្សេងៗ៖ ថ្លៃសេវាទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងសេវាអ៉ីនធើណិត ថ្លៃអគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះ សម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួល រវាងផ្ទះក្នុងបុរី និងខុនដូ។ សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមាន៖ សេវាអ្នកបោសសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ ថ្លៃចំណាយចន្លោះពី២០ដុល្លារទៅ៥០ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃសេវាគ្រប់គ្រងពី ០.៥០ ទៅ ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូ តម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្ត ដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរ អ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួល ជុលកែលម្អនាពេលអនាគត៕
ដៃគូសហការផ្សព្វផ្សាយ៖ realestate.com.kh