កំហុសឆ្គង៣យ៉ាង ដែលអ្នកមិនគួរធ្វើមុនពេលចូលគេង ដើម្បីបញ្ចៀសបញ្ហាគេងមិនលក់
បញ្ហាដំណេក គឺជារឿងសំខាន់មួយសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកដែលមានវ័យចំណាស់។ បញ្ហាដំណេក បណ្ដាលមកពីមូលហេតុច្រើនយ៉ាង ហើយក្នុងនោះក៏វាបណ្ដាលមកពីទម្លាប់មិនល្អរបស់អ្នកប្រចាំថ្ងៃផងដែរ។ ខាងក្រោមនេះ ជារឿង៣យ៉ាងដែលអ្នកមិនគួរធ្វើមុនពេលចូលគេង៖
១) ឧបករណ៍អេឡិចត្រូនិក៖ បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាមានលក្ខណៈទំនើប ដូច្នេះហើយមនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ឧបករណ៍ និង គ្រឿងអេឡិចត្រូនិកទំនើប ហើយពួកគេតែដាក់តាមខ្លួនទោះបីជាគេងក៏ដោយ។ បើតាមរបាយការណ៍របស់ National Sleep Foundation ដែលមានជំនាញផ្នែកស្រាវជ្រាវបញ្ហាដំណេក បានឲ្យដឹងថា ការដាក់ ឬ ប្រើឧបករណ៍ និង គ្រឿងអេឡិចត្រូនិកទំនើបដូចជា ទូរស័ព្ទ និង iPadជាដើមនៅតាមខ្លួន នៅពេលចូលគេងនោះគឺមិនមែនជារឿងល្អនោះឡើយ ព្រោះថាវានាំឲ្យប៉ះពាល់ដល់ការគេង ពោលគឺមិនងាយនឹងងងុយគេងឡើយ។
២) ភេសជ្ជៈមានជាតិកាហ្វេអ៊ីន៖ ការទទួលទានកាហ្វេ ឬ ភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនពេលចូលគេងនោះ មិនមែនជារឿងល្អនោះឡើយ ព្រោះវាមិនងាយនឹងធ្វើឲ្យអ្នកងងុយគេង ហើយអាចឲ្យអ្នកចំណាយពេលយូរទម្រាំអាចគេងលក់។ National Sleep Foundation បានណែនាំឲ្យជៀសវាងការទទួលទានកាហ្វេ ឬ ភេសជ្ជៈកាហ្វេអ៊ីននៅពេលយប់ ដើម្បីបង្កហានិភ័យដល់សុខភាព ដោយសារតែការគេងមិនលក់។
៣) ហាត់ប្រាណ៖ ថ្វីត្បិតតែការហាត់ប្រាណសំខាន់សម្រាប់សុខភាព ប៉ុន្តែមិនគួរធ្វើលំហាត់ប្រាណមុនពេលចូលគេងភ្លាមៗនោះឡើយ ព្រោះថាវានឹងធ្វើឲ្យអ្នកមិនងងុយគេងដោយងាយនោះឡើយ។ បើតាមអ្នកជំនាញ គឺគួរតែទុកចន្លោះនៃហាត់ប្រាណ និង ការចូលគេងឲ្យបានច្រើនម៉ោងទើបល្អ៕
ដោយ៖ រតនា វិចិត្រ