កន្លងផុតទៅ ២ទស្សវត្សហើយមែន ប៉ុន្តែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧នៅតែជាមេរៀនដែលត្រូវយកចិត្តទុកដាក់​



បើទោះបីជាកន្លងផុត​ទៅ​អស់រយះពេល​ប្រមាណ​​ជាង ២ទស្សវត្សហើយក៏ពិតមែន ប៉ុន្តែព្រឹត្តការណ៍វិបិត្តសេដ្ឋកិច្ចអាស៊ីហាក់ដូចជានៅថ្មីៗ ដែលតែងតែដើរតួជាព្រលឹងអន្ទោលតាមប្រាណមិនឈប់មិនឈរ ជាពិសេសចំពោះប្រទេស ក៏ដូចជាប្រជាជនដែលធ្លាប់ទទួលរងគ្រោះដោយសារព្រឹត្តការណ៍មួយនេះ។

​បើ​យើង​ក្រឡេក​ទៅ​មើល​អតីត​កាល​  ​កាលពីខែកក្កដា ឆ្នាំ ១៩៩៧   កាលពីដំបូងឡើយ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដូចជា ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងហ្វីលីពីន សុទ្ធតែទទួលបាននូវបទពិសោធន៍សេដ្ឋកិច្ចលូតលាស់យ៉ាងលឿន ដោយមើលទៅលើបរិមាណនាំចេញពីប្រទេសទាំងនេះ។ ដោយសារតែហេតុនេះហើយ​ឱ្យ​​ អ្នកវិនិយោគទុនជាច្រើន បានសម្រេចចិត្តបណ្តាក់ទុនទៅលើប្រទេសទាំងប៉ុន្មានខាងលើនេះ។

ការដែលមានអ្នកវិនិយោគ​ចូលមក​បណ្ដាក់​ទុន​​ច្រើន ប្រទេសនីមួយៗ គឺត្រូវការអភិវឌ្ឍន៍វិស័យផ្សេងៗរបស់ខ្លួនក្នុងពេលស្របជាមួយគ្នានេះផងដែរ  ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ដែល​ប្រទេស​នីមួយៗ​ធ្វើ​ភាគ​ច្រើន។ ដើម្បីអាចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកឱ្យបានល្អ ប្រទេសនីមួយសុទ្ធតែត្រូវការកម្ចីពីធនាគារផ្សេងៗយកមក​ប្រើ​ប្រាស់​ ក្នុងក្តីសង្ឃឹមថា​វា​នឹងអាចទទួលបានផលប្រយោជន៍មកដល់ខ្លួនវិញ។ ទន្ទឹមនឹងនេះផងដែរ​ លំហូរចូលរបស់វិនិយោគិន​ពី​បរទេស ធ្វើឱ្យតម្លៃអចនទ្រព្យ​ក​កើន​ឡើង​ខ្ពស់ៗទៅ ដែល​ជំរុញ​ទឹកចិត្ត​ឱ្យ​មានការវិនិយោគកាន់តែខ្លាំង​ឡើង​ ថែម​ទៀតទៅក្នុងវិស័យអចលនទ្រព្យនេះ។

សម្រាប់ធនាគារវិញ ដើម្បីចង់បានចំណេញពីការប្រាក់ ខ្លួនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនទៅដល់អ្នកវិនិយោគ ដែលធ្វើឱ្យកើតចេញជាបញ្ហាពោល គឺការវិនិយោគគ្មានគុណភាព។ រីឯ សហរដ្ឋអាមេរិក​​វិញ កាលបើឃើញកម្ចីមានបរិមាណខ្ពស់បែប​នេះ​ហើយ ខ្លួនបានតម្លើង​ការប្រាក់ និងតម្លៃរូបិយបណ្ណ​​របស់ខ្លួនកាន់តែខ្លាំងជាងមុនទៀត។ ប៉ុន្តែ កាលណាការផ្គត់ផ្គង់មានចំនួនច្រើនជាងតម្រូវការ វានឹងធ្វើ​ឱ្យ​ទីផ្សារមួយត្រលប់ទៅរកសមភាពរបស់ខ្លួនវិញ នោះមានន័យថា ក្រុមហ៊ុនមួយចំនួនពុំមានជម្រើសអ្វីផ្សេងនោះទេ ក្រៅពីប្រកាសក្ស័យធន។

ដូចគ្នានេះដែរ ដោយសារតែការប្រាក់ក៏មានតម្លៃថ្លៃ ធ្វើឱ្យអ្នកវិនិយោគទាំងនោះពុំមានលទ្ធភាពសងវិញតាមដែលខ្លួនបានសន្យានោះឡើយ។  ហេតុការណ៍ដំបូងកើតចេញមកពីប្រទេសថៃ ខណះដែលក្រុមហ៊ុនវិនិយោគអចនទ្រព្យមួយត្រូវបានដួលរលំ ឈ្មោះថា សុំប្រាសុង(Somprasong Land) និង ហ្វាយណាន់វ័ន (Finance One) ដែលជាក្រុមហ៊ុនផ្នែកហិរញ្ញវិត្ថុធំបំផុតមួយនៅប្រទេសថៃបាន​ដួល​រលំ​ក្នុង​អំឡុងដើមឆ្នាំ ១៩៩៧។ ក្រោយពីហេតុការណ៍​នេះ​បានកើតឡើង ពួកអ្នកឈ្មួញដូរលុយជាច្រើនបានចាប់ផ្តើមទិញលុយដុល្លារទុក ដែលជាលទ្ធផលធ្វើ​ឱ្យ​តម្លៃលុយ បាតថៃ​ ធ្លាក់ចុះខ្លាំងទៅៗ។

ចុងក្រោយ បញ្ហានេះបានរាលដាលទៅដល់ប្រទេសផ្សេងៗដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េ ជាដើម ធ្វើ​ឱ្យ​បញ្ហាវិបតិ្តសេដ្ឋកិច្ចនេះក្លាយជាកង្វល់ដ៏ធំបំផុតសម្រាប់រដ្ឋាភិបាលជំនាន់នោះ។​ មកទល់ឥឡូវនេះ ថ្វីត្បិតតែកន្លងផុតទៅ​ប្រមាណ​ជាង ២០​​ឆ្នាំហើយ​ក៏​ពិត​មែន ប៉ុន្តែបញ្ហានេះ មិនគួរត្រូវបានបំភ្លេចទាល់តែសោះ ដោយសារតែប្រសិនជាកាលណា មិនបានយកចិត្តទុកដាក់ទៅនឹងដំណើរ​ការ​សេដ្ឋកិច្ចនោះទេ ​បញ្ហានេះអាចនឹងកើតឡើងម្តងទៀតនៅពេលខាងមុខណាមួយ។

លើសពីនេះទៅទៀត ដោយសារតែឥឡូវនេះតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាតំបន់ឋានសួគ៌សំរាប់អ្នកវិនិយោគមកពីគ្រប់ប្រទេសមិនថា​ពី​ក្នុង​តំបន់​ ​ឬក្រៅតំបន់ ដូច្នេះហើយប្រសិនជាកាលណារដ្ឋាភិបាលរបស់ប្រទេសនីមួយៗត្រូវតែមានការកំណត់នូវគោលនយោបាយ រឺយុទ្ធសាស្ត្ររបស់ខ្លួនឱ្យបានត្រឹមត្រូវបំផុត បើមិនចង់ឱ្យប្រវត្តិសាស្ត្រខ្មៅងងឹតនេះកើតឡើងមកវិញម្ដង​ទៀត៕

ដោយ៖ វត្តី សុត្ថា

X
5s