បដិវត្តន៍ឧស្សហកម្ម ៤.0 និងការឆ្លើយតបនឹងឱកាសរបស់អាស៊ាន
សម្រាប់អ្នកដែលតាមដាន អំពីសេដ្ឋកិច្ចរបស់ពិភពលោក លោកអ្នកប្រាកដជាបានឃើញថាចុះផ្សាយមិនតិចនោះទេដែលបាននិយាយអំពីបដិវត្តន៍ឧស្សហកម្មទី៤ (Industry 4.0)។ សម្រាប់លោកអ្នកដែលមិនធ្លាប់ដឹង ឬឮអំពីបដិវត្តន៍ឧស្សហកម្មទី៤ ពីមុនមក វាគឺជាដំណើរអភិវឌ្ឍន៍របស់សេដ្ឋកិច្ចពិភពលោក ដែលផ្តោតសំខាន់ទៅលើផ្នែកឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត(AI) អ៊ីនធឺណែត និងមនុស្សយន្ត។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បដិវត្តន៍ឧស្សហកម្មទី ៤ ប្រហែលជាមិនបានបង្កការភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ដល់ប្រជាជន ដោយសារតែភាគច្រើននៃប្រទេសទាំងនេះគឺស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ដែលតម្រូវឱ្យផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម។ ទោះជាយ៉ាងណា ក៏ដោយ វត្តមាននៃបដិវត្តឧស្សាហកម្មទី៤នេះ នឹងនៅតែបង្កជាបញ្ហាដល់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗដទៃ ជាពិសេសខណះពេលដែលយើងមិនទាន់ត្រៀមខ្លួនបានរួចរាល់នេះឯង។ មិនខុសគ្នាអំពីបដិវត្តឧស្សហកម្មទី១ ទី២ និងទី៣នោះទេ បដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យមានការប្រែប្រួលយ៉ាងច្រើនដើម្បីសម្របខ្លួនឱ្យត្រូវតាមបរិបទ នៃការអភិវឌ្ឍ របស់បច្ចេកវិទ្យា ពោលគឺដោយសារតែនៅក្នុងបដិវត្តឧស្សាហកម្មទី៤ នេះមាន វិស័យជាច្រើនរួមមានទាំងផលិតកម្មសម្ភារះ ការងារ ធុរកិច្ច សុខាភិបាល ពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចការរដ្ឋបានជាច្រើនគឺនឹងសុទ្ធតែមានវត្តមានបច្ចេកវិទ្យាថ្មីចូលរួមផ្សំ។ ដូច្នេះប្រសិនជាអ្នកមិនសម្របខ្លួនតាមសម័យកាលនោះទេ អ្នកអាចនឹងបាត់បង់អ្វីដែលខ្លួនកំពុងតែមាន ព្រោះតែគេត្រូវការអ្នកដែលមានសមត្ថភាពដើម្បីធ្វើការងារ ជាមួយនឹងបច្ចេកវិទ្យាទាំងនោះ។
សម្រាប់អាស៊ាន ដែលជាផ្ទះរបស់មនុស្សជាង ៦០០ លាននាក់ ការបញ្ចេញសកម្មភាពទាន់ពេលវេលា គឺជារឿងសំខាន់បំផុត ព្រោះបើមិនដូច្នេះទេ អាស៊ានយើងមិនពិបាកនឹងដើរទៅមុខណាស់ ពោលគឺផ្ទុយពីខាងអឺរ៉ុបដែលគេបានត្រៀមខ្លួនយ៉ាងរួចរាល់ដើម្បីទទួលបរិបទមួយនេះ តួយ៉ាងសូម្បីតែការសិក្សាក៏គេបានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។ លើសពីនេះទៀត អាស៊ានមានដៃគូប្រកួតប្រជែងមួយយ៉ាងខ្លាំង ដែលមិនអាចមើលរំលងបានទាល់តែសោះនោះគឺ ចិន។ តាមសន្ទុះសេដ្ឋកិច្ចរបស់ចិន ចិនបានត្រៀមខ្លួនយ៉ាងល្អនៅក្នុងការទទួលបរិបទនេះ ដោយសារតែនៅក្នុងប្រទេសចិនមានកម្លាំងពលកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដែលធ្វើឱ្យប្រទេសនេះ បានក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ ដែលនឹងចូលទៅក្នុងការគិតរបស់អ្នកវិនិយោគមុនគេ បង្អស់ នៅពេលដែលពួកគេចង់វិនិយោគ។ ផ្ទុយទៅវិញ បើមើលនៅក្នុងអាស៊ាន ប្រទេសដូចជា ថៃ និងវៀតណាម ហាក់ដូចជាមិនសូវមានសកម្មភាព អ្វីជាគំហុកគួរឱ្យកត់សម្គាល់នោះឡើយ។ ម្យ៉ាងទៀត ជាមួយនឹងគម្រោងកំណែទម្រង់ជំហានគីង្គក់របស់ចិន “Made in China 2025” អាស៊ានមុខតែប្រឈមនឹងបញ្ហា ប្រសិនជាខ្លួនដោះស្រាយរឿងធនធានមនុស្សមិនបានជោគជ័យនោះទេ ព្រោះថាក្រុមហ៊ុនភាគច្រើននឹងដកទៅដាក់ទីតាំងក្នុងប្រទេសចិនវិញហើយ។
អាស៊ាន មានប្រវត្តិពឹងផ្អែកទៅលើពលករមិនសូវមានជំនាញប៉ុន្មាននោះទេ ដូច្នេះហើយទើបបានតម្លៃពលកម្មរបស់ពលករក្នុងអាស៊ានមានតម្លៃទាប។ ដូច្នេះដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេស និងតំបន់ផ្សេងៗ អាស៊ានដាច់ខាតត្រូវតែចេះរៀបចំពលកររបស់ខ្លួនឱ្យទទួលបានការវឹកហាត់ត្រូវជំនាញ បើមិនដូច្នោះទេ ពលករខ្លួនជាច្រើននឹងត្រូវប្រឈមមុខនឹងការបាត់បង់ការពារ។ ជំហានដំបូងរបស់រដ្ឋាភិបាលក្នុងអាស៊ាន គឺត្រូវកំណត់ឱ្យបានអំពីគម្លាតនៃពលករដែលមាន និងគ្មានជំនាញត្រូវជាមួយនឹងអ្វីបដិវត្តឧស្សហកម្មត្រូវការ។ ជំហាននេះអាចសម្រេចទៅបានដោយមានការចូលរួមអំពីដៃគូឯកជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថវិការគ្រប់គ្រាន់។ ក្នុងនោះ ប្រទេសទាំងមូលអាចនឹងត្រូវដំណើរការនូវផែនការបង្កើនសម្ថភាព តាមរយៈការហ្វឹកហាត់ និងការអនុវត្តន៍ផ្ទាល់។
សព្វថ្ងៃនេះ សិង្ហបុរីជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលបានចាប់ផ្តើមនូវកិច្ចបណ្តុះបណ្តាលប្រជាជនរបស់ខ្លួនរួចហើយ។ ទន្ទឹមនឹងនេះ អ្វីដែលអាស៊ាន គួរយកជាគម្រូតាមអាចជាប្រទេសកូរ៉េខាងត្បូង ព្រោះកូរ៉េខាងត្បូងបានចំនាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះក្នុងការពង្រឹងសមត្ថភាពរបស់ប្រជាជនខ្លួន រួមជាមួយនឹងការបង្កើនផលិតកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់អាទិភាពទៅដល់ឧស្សាហកម្មមួយចំនួនដែលត្រូវជាមួយនឹងទិសដៅរបស់បដិវត្តឧស្សាហកម្មទី៤នេះដែរ៕
ដោយ៖ វត្តី សុត្ថា