រដ្ឋាភិបាលជម្រុញម្ចាស់គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន
ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យកំពុងមានកំណើនឡើងកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាការវិនិយោគលើវិស័យលំនៅដ្ឋានបានក្លាយជាចលករមួយដ៏សំខាន់រុញច្រានវិស័យទាំងមូលឲ្យហក់ឡើងមួយកម្រិតទៀត។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញមើលឃើញថាការសាងសង់កំពុងរីកដុះដាល់ឥតឈប់ឈរទាំងគម្រោងបុរី ខុនដូ វីឡា សណ្ឋាគារ ផ្ទះល្វែង អាផាតមេន និងអគារពាណិជ្ជកម្មជាដើម។
ឆ្លើយតបទៅនឹងកំណើននេះក្រសួងបរិស្ថានបានចេញមុខជម្រុញឲ្យគ្រប់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាន ទាំងបុរី និងខុនដូត្រូវតែធ្វើឲ្យបានតាមស្តង់ដារបច្ចេកទេសដែលសមស្របតាមគោលការណ៍បរិស្ថាន។
ការសាងសង់តាមបទដ្ឋានបរិស្ថានគឺចង់សំដៅ ការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចសំខាន់នានាដែលជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់អចលនទ្រព្យឲ្យបានល្អប្រសើរក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចេញចូល ប្រព័ន្ធលូ និងប្រព័ន្ធចំរោះទឹក ប្រព័ន្ធគ្រង់កាកសំណល់ការការពារហានិភ័យជាពិសេសការធានាបាននូវគុណភាពសំណង់រឹងមាំ និងដើម្បីឲ្យការអភិវឌ្ឍន៍ ប្រកបដោយសោភណភាពមានបរិស្ថានល្អ និងធានាគុណភាពនៃជីវិត។
ការអភិវឌ្ឍន៍មួយចំនួនកន្លងមក គឺមិនបានឆ្លើយតាមទៅនឹងគោលការណ៍បរិស្ថានធម្មជាតិសមស្រប នោះទេ។ ដោយគម្រោងមួយបុរីមួយចំនួនមិនបានឆ្លើយតបតាមស្តង់ដារ ដែលបានកំណត់ ដូចជា៖ មិនមានសួនច្បារ មិនមានកន្លែងកំសាន្ត ឬកន្លែងសាធារណៈតូចចង្អៀត ប្រព័ន្ធលូតូចពេក និងផ្លូវតូចពេកដែលធ្វើឲ្យជួបការលំបាកនៅពេលចំនួនប្រជាជនកើនឡើង។
បើពិនិត្យក្របខណ្ឌច្បាប់ទាក់ទងជាមួយការសាងសង់គម្រោងលំនៅដ្ឋានកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិឌ្ឍន៍នីមួយមុននឹងសាងសង់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្នុងលក្ខខណ្ឌភ្ជាប់មកជាមួយប្លង់មេរបស់គម្រោងដែលបានគូបញ្ជាក់ច្បាស់លាស់ពីលក្ខខណ្ឌលម្អិត និងលក្ខណៈពិសេសតាមគោលការណ៍ក្នុងនោះក៏មានការដាក់បញ្ចូលពីលក្ខណៈបរិស្ថាននេះផងដែរ។
ថ្មីៗនេះផងដែរក្រសួងដែនដីទើបតែចេញប្រកាសដើម្បីស្តីអំពីការភិវឌ្ឍដីនៅកម្ពុជា។ ដែលប្រកាសនេះបានកំណត់ម្ចាស់គម្រោងរក្សាទុកផ្ទៃដី២៥%នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋារចនាដូចជា៖ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញ អគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។ មួយផ្នែកទៀតគឺរៀបចំការអភិវឌ្ឍបៃតងដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។
ក្រសួងដែនដីក៏បានកំណត់ឲ្យគ្រប់គម្រោងសាងសង់មុននឹងមានការអនុញ្ញាតចាំបាច់ត្រូវតែឆ្លងកាត់ការពិនិត្យរបស់ក្រសួងបរិស្ថាន ជាមុនសិនដើម្បីធានាជម្រុញដល់បទដ្ឋានប្រសិទ្ធិភាពបរិស្ថានបានត្រឹមត្រូវ។
គេរំពឹងថាការចូលរួមចំណែកពីស្ថាប័នរដ្ឋទាំងអស់នេះ នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍លំនៅដ្ឋានមានការវិវត្តន៍ទៅមុខដោយភាពរឹងមាំ៕
ដៃគូផ្សព្វផ្សាយ៖ realestate.com.kh