អ្នក​មាន​​​អចលនទ្រព្យ​​លក់​ចូរ​ប្រយ័ត្នកំហុសឆ្គង​​​​​ទាំង ១០​យ៉ាង​នេះ​ បើ​ចង់​លក់​បាន​តម្លៃ​ថ្លៃ!!!​



ប្រសិនបើអ្នកកំពុងលក់ឬជួលអចលនទ្រព្យរបស់អ្នកចូរចៀសវាងកំហុសឆ្គងក្នុងការលក់អចលនទ្រព្យដូចចំណុចខាងក្រោម ដើម្បីទាក់ទាញអ្នកទិញនិងអ្នកជួល និងទទួលបានតម្លៃដ៏ល្អបំផុតសម្រាប់អចលនទ្រព្យរបស់អ្នក។ ១) ជម្រើសពណ៌ថ្នាំលាបផ្នែកខាងក្រៅអន់៖ កុំព្យាយាមលក់ផ្ទះពណ៌បៃតងមួយ។ សូមពិចារណាទៅលើការលាបពណ៌ផ្ទះឡើងវិញដោយប្រើពណ៌ដែលកំពុងពេញនិយម។ ពណ៌ផ្ទះដែលពេញនិយមនឹងផ្ដល់ចំណាប់ អារម្មណ៍ដល់មនុស្សមួយចំនួនធំ។ស្វែងរកថ្នាំលាបដែលមានគុណភាពល្អដែលធ្វើឲ្យផ្ទះរបស់អ្នកមើលទៅថ្មី និងចៀសវាងកំហុសនៃការលក់អចលនទ្រព្យបែបនេះ។ ២) សួនច្បារមិនមានការថែរក្សា៖ ទីធ្លាដើរ ឬសួនច្បារដែលមានស្មៅដុះទ្រុបទ្រុល បង្ហាញថាអចលនទ្រព្យទាំងមូលរបស់អ្នកមិនត្រូវបានរក្សាយ៉ាងយកចិត្តទុកដាក់នោះទេ ហើយនឹងមិនផ្តល់ចំណាប់អារម្មណ៍ល្អលើអចលនទ្រព្យរបស់អ្នកនោះទេនេះជាកំហុសនៃការលក់អចលទ្រព្យទូទៅមួយ។ សូមព្យាយាមកាត់ស្មៅនិងតម្រឹមដើមឈើ និងកែសម្រួលដីដើម្បីមើលទៅស្រស់ស្អាតឡើងវិញ។ ៣) ផ្ទះមានភាពរញ៉េរញ៉ៃ និងមិនមានសណ្តាប់ធ្នាប់៖ អ្នកទិញចង់ឃើញផ្ទះ និងទិញផ្ទះរបស់អ្នក មិនមែនវត្ថុដាក់តាំងរបស់អ្នកទេ! ដូច្នេះចូរចៀសវាងកុំឱ្យមានកំហុសក្នុងការលក់អចលនទ្រព្យនេះកើតឡើង និងមិនគួរទុករបស់របររប៉ាត់រប៉ាយពេញផ្ទះជាដាច់ខាត! ផ្ទះមួយចំនួនដែលមានការតុបតែងល្អអាចមិនមានសណ្តាប់ធ្នាប់នៅពេលលក់។ ផ្ទះរបស់អ្នកមើលទៅឃើញធំប៉ុនណា ផ្ទះនោះគួរឱ្យទាក់ទាញប៉ុននោះដែរ។ អ្នកទិញចង់ទិញផ្ទះ ឬអាផាតមិនដែលមានទីធ្លាទូលាយ និងអាចដាក់គ្រឿងសង្ហារិម និងការតុបតែងបន្ថែម។ ដូច្នេះចូររៀបផ្ទះឱ្យមានសណ្តាប់ធ្នាប់ រំកិលគ្រឿងសង្ហារិម ឬរៀបចំផ្ទះឱ្យស្អាត។ ៤) គម្លាត និងឯកជនភាពចំពោះអ្នកទិញ និងភ្នាក់ងារ៖ សូមប្រាកដថាអ្នកបានផ្តល់គម្លាត និងឯកជនភាពឱ្យភ្នាក់ងារ និងអ្នកទិញ នៅពេលដែលពួកគាត់មកមើលផ្ទះរបស់អ្នក សូមកុំដើរតាមពួកគាត់ឱ្យសោះ។ អ្នកទិញចង់ស្រមៃមើលពីការរស់នៅក្នុងផ្ទះរបស់អ្នក វាអាចជាការរំខាននៅពេលដែលអ្នក និងគ្រួសាររបស់អ្នកកំពុងរង់ចាំនៅខាងក្រៅ ឬខាងក្នុងផ្ទះនោះ។ ៥) ខ្វះកន្លែងផ្ទុក៖ អ្នកទិញសម្លឹងរកមើលកន្លែងទុកដាក់អីវ៉ាន់នៅផ្ទះនីមួយៗ។ ដូច្នេះចូរចៀសវាងកុំឱ្យទូខោអាវ និងទូដាក់ចានមានអីវ៉ាន់ច្រើនពេកនៅក្នុងផ្ទះ ដោយសារតែការទុកអីវ៉ាន់បែបនេះបង្ហាញអ្នកទិញថាពួកគេមិនមានកន្លែងគ្រប់គ្រាន់ សម្រាប់ទុកឥវ៉ាន់របស់ពួកគេ! គន្លឹះចុងក្រោយសម្រាប់អ្នក ចូរប្រើកញ្ចក់នៅក្នុងបន្ទប់តូចៗដើម្បីឱ្យបន្ទប់នោះមើលទៅមានទំហំធំ! ៦) ផ្ទះកខ្វក់ និងមានក្លិនមិនល្អ៖ ធម្មតានោះទេ ផ្ទះរបស់អ្នកត្រូវតែស្អាតជាងរាល់ដងនៅពេលអ្នកចង់ លក់វា។ នៅពេលដែលអ្នក សម្រេចចិត្តលក់ អចលនទ្រព្យរបស់អ្នក សុំជំនួយពីក្រុមគ្រួសារមិត្តភក្តិ ឬអ្នកអនាម័យដែលមានជំនាញវិជ្ជាជីវៈ ប្រសិនបើចាំបាច់។ យកចិត្តទុកដាក់ជាពិសេសទៅលើបន្ទប់ទឹក ផ្ទះបាយ កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយ។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ។ ផ្ទះស្អាត និងមានក្លិនល្អជាគន្លឹះនៅពេលលក់ផ្ទះ។ ចៀសវាងប្រើគ្រឿងធ្វើឱ្យផ្ទះក្រអូបខ្លាំងពេក ឬបាញ់ទឹកអប់មុនពេលអ្នកទិញមកផ្ទះរបស់អ្នក។ ក្លិនដែលជាទូទៅធ្វើឱ្យអតិថិជនមិនចូលចិត្តរួមមាន ក្លិនបារី ក្លិនសត្វចិញ្ចឹម ឬក្លិនអាហារមិនល្អ។ សូមពិចារណាការកម្ចាត់ ក្លិនដោយការបើកបង្អួច ប្រើថ្នាំបំបាត់ក្លិនអាក្រក់នៅកន្លែងសត្វចិញ្ចឹម ជក់បារីនៅក្រៅផ្ទះ និងចៀសវាងចម្អិនស្ពៃក្តោប ត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។ គន្លឹះពិសេសចុងក្រោយ អ្នកអាចឆុងកាហ្វេ ឬដុតនំបុ័ងមុនពេលការចុះមកមើលផ្ទះរបស់អ្នកទិញ។ ក្លិនទាំងនេះគឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន! ៧) កុំចុះបញ្ជីលក់អចលនទ្រព្យដោយដាក់តម្លៃអាចសួរបានឬគ្មានបញ្ជាក់តម្លៃលក់៖ ​ដោយ​ឡែក​ចំពោះ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​យើង​ គឺ​ក្រុមហ៊ុន Realestate.com.kh ​គេ​បានរកឃើញថា អ្នកទិញជាទូទៅអានការពិពណ៌នារបស់ផ្ទះ និងរំពឹងថាមានតម្លៃលក់នៅទីនោះ។ ដូច្នេះយើងខ្ញុំសូមផ្ដល់ដំបូន្មានដល់អ្នកថា អ្នកគួរតែបញ្ចូលតម្លៃលើការចុះបញ្ជីរបស់អ្នក។ ប្រសិនបើផ្ទះនោះមានលក្ខណពិសេសលម្អិតគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែខ្វះតម្លៃលក់ អ្នកទិញនឹងគិតថាផ្ទះមានតម្លៃថ្លៃពេក ឬតម្លៃខ្ពស់ជាងធម្មតា។ ផ្តល់ភាពងាយស្រួលដល់ពួកគាត់ក្នុងការស្វែងយល់ពីផ្ទះរបស់អ្នកដោយផ្តល់ព័ត៌មានលម្អិតឱ្យច្រើន រួមមានតម្លៃផងដែរ។ ៨)  គ្មាននរណាម្នាក់ចូលចិត្ត អ្នកលក់ស្ទាក់ស្ទើរក្នុងចិត្តនោះឡើយ៖ នេះជារឿងធម្មតាទេសម្រាប់បុគ្គល ឬក្រុមគ្រួសារដែលមានចិត្តស្រឡាញ់ផ្ទះរបស់ខ្លួន។ ជាពិសេសនៅពេល លំនៅឋានពោរពេញទៅដោយការចងចាំដ៏ពិសេសៗ។ ទោះយ៉ាងណា នៅពេលដែលអ្នកធ្វើការសម្រេចចិត្តក្នុងការលក់រួចហើយអ្នកត្រូវតែរក្សាគោលបំណងនៃការលក់នៅក្នុងចិត្តរបស់អ្នក។ សូមព្យាយាមកុំបញ្ចេញមនោសញ្ចេតនាឱ្យសោះ។ អនុញ្ញាតឱ្យភ្នាក់ងារអចលនទ្រព្យរបស់អ្នកមានសេរីភាពក្នុងការអនុវត្តការងាររបស់ពួកគេ។ ៩)  តើផ្ទះមានសភាពត្រជាក់ ឬអ្នកមានអារម្មណ៍នេះតែម្នាក់ឯងទេ? ទោះបីជាអាកាសធាតុនៅប្រទេសកម្ពុជាក្តៅ បើផ្ទះឬអាផាតមិនរបស់អ្នកត្រជាក់ប្លែកវិញនោះ វាអាចធ្វើឱ្យអ្នកមកមើលផ្ទះរបស់អ្នកមានអារម្មណ៍មិនមានផាសុកភាពទាល់តែសោះ។ ឧទាហរណ៍ជាក់ស្តែងចំពោះបុរសដែលរស់នៅម្នាក់ឯង គាត់ចូលចិត្តអាកាសធាតុត្រជាក់ជាងស្ត្រី។ ទោះជាយ៉ាងណា ជាញឹកញាប់ស្ត្រីតែងតែអង្កេតពីអាកាសធាតុត្រជាក់របស់ផ្ទះ។ ចំពោះហេតុផលនេះចូរប្រុងប្រយ័ត្នកុំទុកឱ្យ ផ្ទះរបស់អ្នកត្រជាក់ដូចទ្វីប អង់តាក់ទិក បើមិនអ៊ីចឹងទេអ្នកអាចបន្លាចអ្នកទិញជាស្ត្រីបាន! នេះគឺជាកំហុសឆ្គងទូទៅមួយដែលអាចបន្លាចស្ត្រី។ ប៉ុន្តែឥឡូវនេះបុរសក៏អាចភ័យខ្លាចដូចគ្នាដែរ ! ១០) ភ្នាក់ងារលក់មិនល្អ៖ ដោយសារតែវិស័យអចលនទ្រព្យគឺជាវិជ្ជាជីវៈមិនទាន់គ្រប់គ្រងបាននៅឡើយនៅក្នុងប្រទេសកម្ពុជាដៃ​គូ​​របស់​ BizKhmer គឺ​ Realestate.com.kh សូមណែនាំអ្នកធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់មុនពេលជ្រើសរើសភ្នាក់ងារលក់ផ្ទះរបស់អ្នក។ អ្នកអាចចាប់ផ្តើមការស្រាវជ្រាវនៅលើ ទំព័រភ្នាក់ងារអចលនទ្រព្យ Realestate.com.kh របស់យើងខ្ញុំ។ សូមពិចារណាទៅលើភ្នាក់ងារដែលផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងទៅអ្នកទិញ។ ភ្នាក់ងារដែលតែងតែប្រញាប់ប្រញាល់ ឬមិនយកចិត្តទុកដាក់ពួកគាត់មិនផ្តល់ចំណាប់អារម្មណ៍ចំពោះអ្នកទិញឬអ្នកលក់នោះទេ។ ដូចគ្នានេះ ចូរធ្វើការពិចារណាថា តើភ្នាក់ងារនេះមានជំនាញវិជ្ជាជីវៈច្បាស់លាស់ឬអត់មានភាពស្មោះត្រង់និងមានបំណងដើម្បីលក់ផ្ទះរបស់អ្នកឬទេ៕ ផ្ដល់សិទ្ធិ៖ Realestate.com.kh
X
5s