ចង់ប្ដឹងតវ៉ាមិនសុខចិត្តទៅនឹងតម្លៃពន្ធអចលនទ្រព្យ តើត្រូវប្តឹងនៅកន្លែងណា?
ក្នុងករណីជាក់ស្តែង មានម្ចាស់អចលនទ្រព្យខ្លះ បានបង្ហាញអារម្មណ៍មិនពេញចិត្តទៅនឹងការសម្រេចផ្សេងៗរបស់រដ្ឋបាលសារពើពន្ធជុំវិញប្រាក់ពន្ធដែលខ្លួនត្រូវបង់ដូចជា ពន្ធលើផ្ទះ អគារ ដី ឬ សំណង់ផ្សេងៗដោយគិតថា ការយកពន្ធខ្ពស់ពេក ឬ ធ្វើខុសនីតិវិធីច្បាប់ជាដើម។
ដូច្នេះចំពោះករណី ម្ចាស់អចលនទ្រព្យដែលមានបំណងចង់ប្តឹងតវ៉ាដោះស្រាយលើបញ្ហានេះ ខ្លួនត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
-ជាដំបូង ម្ចាស់អចលនទ្រព្យត្រូវដោះស្រាយជាមួយមន្ត្រីពន្ធដារដែលទទួលបន្ទុកកិច្ចការនេះ។
-ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយនេះ ឬយល់ថា ពិបាកលើកយកបញ្ហាមកពិភាក្សាជាមួយមន្រ្តីទទួលបន្ទុក សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកប្រធានសាខាពន្ធដារខេត្ត/ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។
-ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ារបស់ប្រធានពន្ធដារខេត្ត/ខណ្ឌ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកអគ្គនាយកដ្ឋានពន្ធដារ។
-ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះដំណោះស្រាយរបស់អគ្គនាយកដ្ឋានពន្ធដារទៀតនោះ សូមដាក់ពាក្យមកគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ។
-ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញដំណោះស្រាយរបស់គណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធទៀត សូមដាក់ពាក្យប្តឹងតវ៉ាទៅកាន់តុលាការ៕
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ