តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍជាគម្រោងលំនៅដ្ឋានតម្លៃទាបគាំទ្រដោយ UNDP​



កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅថា UNDPកំពុងគាំទ្រគម្រោងអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលគ្រោងនឹងសាងសង់ផ្ទះរាប់ពាន់ខ្នង សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកប្រាក់ចំណូលទាបនៅក្នុង និងជិតតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃរចនាប្លង់នេះនឹងត្រូវសាងសង់ជាលំនៅដ្ឋានចំនួន៣,១៣៦ខ្នងនៅលើផ្ទៃដីទំហំ៧ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ មានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីសរុប៣៥៧ហិកតា។ ក្នុងនោះមានរោងចក្រជាង៨០ មានកម្មករចំនួន១៧,០០០នាក់ដែលភាគច្រើនពួកគេជាកម្មកររោងចក្រ។ ជាមួយកំណើនសេដ្ឋកិច្ចនៅរាជធានីភ្នំពេញក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានមើលឃើញថា អ្នកដែលមានប្រាក់ចំណូលទា​បបានចូលមកក្នុងទីក្រុងដើម្បីរកការងារធ្វើនៅតាមរោងចក្រ និងគម្រោងសាងសង់នានា។ អ្នកនាង Michelle Zhao អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបាននិយាយថាបច្ចុប្បន្នមានគម្រោងលំនៅដ្ឋានជាច្រើនកំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ ប៉ុន្តែមានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលវិនិយោគផ្តោតសំខាន់លើប្រជាជនមាន ប្រាក់ចំណូលទាបទៅមធ្យម។ អ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងអស់គឺជាអតិថិជនអាទិភាពខណៈដែលប្រជាជនមានចំណូលទាបទៃទៀតដែលមិនមែនជាកម្មករធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏អាចទិញពីគម្រោងនេះដែរ។ អ្នកនាងបានសង្កត់ធ្ងន់ថា៖ “គម្រោងលំនៅដ្ឋាននេះនឹងមានតម្លៃទាបហើយនឹងផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌរស់នៅយ៉ាងសមរម្យ”។ អ្នកនាង Zhao បានបន្តទៀតថា “គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះផ្តោចសំខាន់សម្រាប់កម្មករ។ យោងតាមការស្រាវជ្រាវរបស់គម្រោងបានរកឃើញថា៧៦​​ភាគរយនៃកម្មករមានប្រាក់ចំណូលច្រើនជាង២០០ដុល្លារហើយជាង២០ភាគរយ មានប្រាក់ចំណូលច្រើនជាង៣០០ដុល្លារក្នុងមួយខែ។ " យូនីតនីមួយៗនឹងមានទំហំ៣៦ម៉ែត្រការ៉េ​ហើយនឹងត្រូវលក់ក្នុងតម្លៃចាប់ពី១៧,០០០ដុល្លារក្នុងមួយយូនីត។ ក្រៅពីលំនៅដ្ឋានគម្រោងក៏នឹងមានជាហាងលក់ទំនិញ ហាងកាហ្វេ សួនច្បារ និងមានសេវាកម្មផ្សេងទៀត សម្រាប់បំពេញឲ្យការរស់នៅកាន់តែ​មានភាពងាយស្រួល។ លោក Nick Beresford នាយកគ្រប់គ្រងអង្គការ UNDP ប្រចាំនៅកម្ពុជាបានលើកឡើងថា “ភាគី UNDP កំពុងជួយគាំទ្រជាចម្បងលើផ្នែករចនាប្លង់គម្រោង។ លោក Beresford និយាយថាយើងមានគោលបំណងជួយដល់គម្រោងនេះឲ្យបានច្រើនបំផុតតាមដែលអាចជួយបានពាក់ព័ន្ធទៅនឹងការរចនាប្លង់គម្រោងទាំងមូល​ដែលធ្វើយ៉ាងណាឲ្យធានាបានតម្លៃទាបមានគុណភាពល្អ និងធានាបានការរស់នៅប្រកបដោយចីរភាព។ ក្នុងខែមុនតំបន់សេដ្ឋកិច្ចពិសេសអង្គការ ​UNDP និងអង្គការ Building Trust International បានបង្កើតកម្មវិធីប្រកួតប្រជែង “រចនាបទលំនៅដ្ឋានមានតម្លៃសមរម្យ” ដើម្បីស្វែងរករចនាដ៏ល្អបំផុតសម្រាប់គម្រោងលំនៅដ្ឋាននេះ ដែលរចនាបទត្រូវផ្តោតសំខាន់លើនិរន្តភាព និងបរិស្ថាន។ អ្នកទទួលជ័យលាភីនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី៥,០០០ដុល្លារទៅ២០,០០០ដុល្លារ ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ។ ការគាំទ្ររបស់UNDPចំពោះគម្រោងលំនៅដ្ឋានគឺជាផ្នែកមួយដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់សេដ្ឋកិច្ចពិសេសនេះ និងតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតនៅក្នុងប្រទេស ឲ្យមាននិរន្តភាពក្នុងរយៈពេលវែង។ បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣ កន្លែង។ ដែលការអភិវឌ្ឍវិស័យទាំងនេះមានសារៈសំខាន់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។ លោក Beresford បានសង្កត់ធ្ងន់ថា "យើងកំពុងជួយដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឲ្យ ក្លាយទោជាតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយនិរន្តរភាពដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅរបស់កម្ពុជា" ។ លោកបានពន្យល់ថាគោលដៅនេះអាចសម្រេចបានដោយធ្វើការរួមគ្នាលើការលើកកម្ពស់ដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព (ការកែច្នៃឡើងវិញ) ក្នុងចំណោមគោលគំនិតដ៏ទៃ។ ក្រៅពី UNDP រដ្ឋាភិបាលកម្ពុជាក៏កំពុងជួយគាំទ្រដល់គម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរតាមរយៈការលើកទឹកចិត្តចំពោះការវិនិយោគរួមមាន៖ ការលើការអនុគ្រោះពន្ធសាងសង់ និងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា៖ ប្រព័ន្ធផ្លូវ ទឹក និងភ្លើងជាដើម។​ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសដែរថា រដ្ឋាភិបាលកំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងគម្រោងលំនៅដ្ឋានដែលមានតំលៃសមរម្យ។ លោកបានបញ្ជាក់ថាច្បាប់ទាំងនេះនឹងមានប្រយោជន៍ ដោយបានកំណត់ពីទិសដៅច្បាស់លាស់សម្រាប់គម្រោងលំនៅដ្ឋានទាំងអស់នៅកម្ពុជានៅពេលអនាគត។ សម្រាប់ផែនការសាងសង់គម្រោងលំនៅដ្ឋានរបស់ PPSEZ ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ អ្នកនាង Zhao បញ្ជាក់ថាបច្ចុប្បន្ននេះយើងមិនទាន់បានជ្រើសរើសក្រុមហ៊ុនសាងសង់ណាមួយនៅឡើយទេ។ ដោយសារតែយើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអំពីការជួយជ្រោម ជ្រែងនានា ហើយយើងក៏បានកំពុងធ្វើការពិភាក្សាជាបន្តបន្ទាប់ជាមួយវិនិយោគិនសំខាន់ៗផងដែរ។ ដូច្នេះ យើងមិនទាន់បានកំណត់ថ្ងៃបើកសម្ពោធការដ្ឋានសាងសង់​នៅឡើយ៕ ដៃគូសហការ៖ realestate.com.kh
X
5s