សណ្ឋាគារលំដាប់ផ្កាយ៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
សណ្ឋាគារលំដាប់ផ្កាយ៥ (The Royal Sands Koh Rong) បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។ សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។
កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរសម្តេច ហ៊ុន សែន ក៏បានលើកឡើងចំណុចសំខាន់ៗមួយចំនួនទៀតក្នុងនោះកោះចំនួនប្រមាណជា៣០ ដែលមិនមានការអភិវឌ្ឍរួមទាំងកោះទន្សាយផង ត្រូវបានបញ្ជាឲ្យដកហូតពីវិស័យឯកជនវិញ។
កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕