គន្លឹះទាក់ទាញអ្នកជួលផ្ទះ សម្រាប់រយៈពេលវែង (ភាគទី១)
នៅពេលអ្នកដែលជាម្ចាស់ផ្ទះចង់ជួលអចលនទ្រព្យឲ្យបានលឿនបំផុតទៅឲ្យអ្នកជួល អ្នកត្រូវមានភាពឆ្លាតវៃ និងមានភាពក្លាហានដែលអាចយកឈ្នះលើការប្រកួតប្រជែងគ្នាដ៏ច្រើននៅក្នុងទីផ្សារជួលមួយនេះ។ អ្នកជួលល្អបំផុតគឺជាអ្នក ដែលបង់ថ្លៃឈ្មួលបានទាន់ពេលវេលាចេះថែរក្សាអចលនទ្រព្យបានល្អ និងមានបំណងស្នាក់នៅរយៈពេលវែង។
ទីតាំងអចលនទ្រព្យគឺមានសារៈសំខាន់៖
ប្រសិនបើអចលនទ្រព្យរបស់អ្នកមានទីតាំងស្ថិតនៅតំបន់ជាយក្រុងដូចជា៖ តំបន់ស្ទឹងមានជ័យ តំបន់ចោមចៅ តំបន់ពោធិ៍សែនជ័យ ឬតំបន់ច្បារអំពៅ អ្នកអាចជួលអចលនទ្រព្យរបស់អ្នកទៅឲ្យអ្នកក្នុងស្រុកអ្នកជាពិសេសសម្រាប់សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុន ហើយប្រសិនបើផ្ទះ មានទីតាំងចំផ្លូវកែង អ្នកអាចជួលឲ្យអ្នកធ្វើអាជីវកម្ម។
ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យសម្រាប់ដាក់ជួល ហើយចង់ជួលឲ្យជនបរទេសអ្នកគួរតែពិចារណាទិញនៅតំបន់កណ្តាលក្រុងដូចជានៅក្នុងខណ្ឌចំការមនរួមមាន៖ បឹងកេងកង១ បឹងកេងកង២ ទួលទំពូង ទន្លេបាសាក់ឬតំបន់ដូនពេញ តំបន់ទួលគោក តំបន់សែនសុខ ឬតំបន់ជ្រោយចង្វារជាដើម។
បន្ថែមតម្លៃឲ្យអចលនទ្រព្យរបស់អ្នក៖
អចលនទ្រព្យកាន់តែល្អកាន់តែទាក់ទាញអ្នកជួល
នៅទីក្រុងភ្នំពេញការប្រកួតប្រជែងមានភាពខ្លាំងបំផុតដោយសារមានអាផាតមេន សេវាកម្ម អាផាតមេន និងខុនដូជាច្រើនកំពុងដាក់ជួលព្រោងព្រាត។ ដូច្នេះប្រសិនបើអ្នកមានអចលនទ្រព្យសម្រាប់ជួលដែលពិសេសជាងគេនោះអ្នកនឹងអាចយកឈ្នះនៅក្នុងការប្រកួតនេះបាន។
ជាការពិតណាស់ថាអ្នកជួលភាគច្រើនចង់ទទួលបានសម្ភារៈបរិក្ខារ និងសេវាកម្មបន្ថែម។ អចលនទ្រព្យដែលមានការកែលម្អ និងមានគ្រឿងសង្ហារិមនឹងទាក់ទាញអ្នកជួលផ្ទះឱ្យកាន់តែមានការចាប់អារម្មណ៍។ ទាក់ទងនឹងការកែម្អផ្ទះប្រសិនបើអ្នកជួលចង់បានការរចនាបែបណាមួយដែលពួគគេចូលចិត្តអ្នកជាម្ចាស់ត្រូវប្តូរសម្រាប់ពួកគេភ្លាម។ អ្នកក៏អាចផ្តល់ជូននូវសេវាកម្មលើកទឹកចិត្តបន្ថែមទៀតដូចជា៖ ការដាក់ទូរទស្សន៍ខ្សែកាប អ៊ីនធើណិត និងមធ្យោបាយធ្វើដំណើរដូចជាកង់ ឬម៉ូតូជាដើម។
ត្រូវប្រាកដថាអ្នកផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកបានល្អបំផុត៖
ការផ្សាយពាណិជ្ជកម្មបានល្អតែងតែនាំមកលទ្ធផលល្អបំផុត
អ្នកអាចធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីអចលនទ្រព្យសម្រាប់ជួល អ្នកតាមរយៈការនិយាយពីមាត់មួយទៅមាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (រួមមានកាសែត ទស្សនាវដ្តី និងគេហទំព័រព័ត៌មានអនឡាញផ្សេងៗ) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Linkedin, Twitter, Instagram ជាដើម)
ប្រសិនបើអ្នកមិនចង់ធ្វើការផ្សព្វផ្សាយដោយខ្លួនឯង អ្នកក៏អាចជួលភ្នាក់ងារអចលនទ្រព្យដើម្បីធ្វើទីផ្សារផ្សព្វផ្សាយជួលអចលនទ្រព្យរបស់អ្នកបានដែរ។ លើសពីនេះអ្នកក៏អាចស្វែងរកដំបូន្មានល្អៗពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មល្បីឈ្មោះបានផងដែរ។
ការផ្សព្វផ្សាយត្រូវតែធ្វើឲ្យមានភាពទាក់ទាញតាមដែលអាចធ្វើបាន (ជាមួយរូបភាពច្បាស់ល្អ) និងមានការពិពណ៌នាច្បាស់លាស់អំពីការជួលចំនួនបន្ទប់ ទីតាំង តម្លៃ ការទទួលខុសត្រូវលក្ខណរបស់អចលនទ្រព្យ សម្ភារៈបរិក្ខារ សេវាកម្មដែលផ្តល់ជូនកន្លែងសំខាន់ៗនៅជុំវិញ និងលក្ខណៈពិសេសផ្សេងទៀតរួមមាន៖ចំណតរថយន្តសួនច្បារជាដើម។ មួយវិញទៀតអ្នកក៏ត្រូវដាក់បញ្ចូលផងដែរនូវ លេខទំនាក់ទំនងរូមមានលេខទូរស័ព្ទ និងអ៊ីម៉ែល។
សូមតាមដានអត្ថបទភាគទី២នៅសប្ដាហ៍ក្រោយដែលយើងនឹងពិភាក្សាអំពីគន្លឹះបន្ថែមទៀតទាក់ទងនឹងការស្វែងយល់ពីការប្រកួតប្រជែង កិច្ចសន្យាជួល និងរបៀបធ្វើឲ្យអ្នកជួល របស់អ្នករីករាយក្នុងការរស់នៅជាមួួយផ្ទះជួលរបស់អ្នក៕
ដៃគូសហការ៖ realestate.com.kh