អ្វីទៅជាប្លង់រឹងប្រព័ន្ធ( LMAP)? ភាគទី១
នៅក្នុងប្រទេសកម្ពុជាជាទូទៅគេឃើញមានប័ណ្ណកម្មសិទិ្ធកាន់កាប់ដីចំនួនបីប្រភេទដែលត្រូវបានប្រើប្រាស់នៅទូទាំងប្រទេស។ ប្លង់កម្មសិទ្ធិទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់ និងប្លង់កម្មសិទ្ធិរួមគ្នា (strata title ដែលជាប្លង់កម្មសិទ្ធិអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិកាន់កាប់ខុនដូទៅតាមលក្ខខណ្ឌជាក់លាក់)។ ប្លង់កម្មសិទ្ធិនីមួយៗ ផ្តល់សិទ្ធិ និងភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីមួយផ្សេងទៀតដែលគេហៅថាប្លង់រឹងប្រព័ន្ធហៅថាជាភាសាអង់គ្លេសថា LMAP ត្រូវបានចាត់ជាទម្រង់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវផ្តល់ជូនសម្រាប់អ្នកទិញ និងម្ចាស់អចលនទ្រព្យ។
ដើម្បីស្វែងយល់អំពីបរិបទថ្មីនៃប្លង់រឹងប្រព័ន្ធនៅសប្តាហ៍នេះក្នុងអត្ថបទភាគ១ យើងនឹងបង្ហាញថាអ្វីជាប្លង់រឹងប្រព័ន្ធ និងអត្ថប្រយោជន៍របស់វា និងថាតើប្លង់រឹងប្រព័ន្ធនេះមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះចំពោះអ្នក។ អត្ថបទនេះផ្តល់ជូនដោយ Realestate.com.kh។
តើអ្វីទៅជាប្លង់រឹងប្រព័ន្ធ?
ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។ នេះជាគម្រោងមួយដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ដោយធនាគារពិភពលោក បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ហើយគម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពលើកម្មសិទ្ធិកាន់កាប់ដីធ្លីតាមរយៈការចុះបញ្ជី និងការចេញប្លង់កម្មសិទ្ធិដល់ម្ចាស់អចលនទ្រព្យជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យងាយរងគ្រោះ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺជាភ្នាក់ងារដែល ទទួលខុសត្រូវអនុវត្តន៍សម្រាប់ដំណើរការនេះនៅក្នុងប្រទេសក្រកម្ពុជា។
តើប្លង់រឹងប្រព័ន្ធមានសារៈប្រយោជន៍អ្វីខ្លះ?
ប្លង់រឹងប្រព័ន្ធគឺជាប្រភេទប័ណ្ណកម្មសិទ្ធដីធ្លីដែលរឹងមាំបំផុត និងមានសុវត្ថិភាពជាងគេបំផុតដោយសារគេបានប្រើប្រាស់ប្រព័ន្ធ GPS ដែលដៅកូអរដោនេច្បាស់លាស់សម្រាប់ក្បាលព្រំដីនីមួយៗនៅក្នុងដំណើរការចុះបញ្ជីក្បាល់ដីទាំងអស់នៅក្នុងប្រទេស។
មុនពេលចេញប្លង់រឹងប្រព័ន្ធជូនពលរដ្ឋក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានកតព្វកិច្ច ចាំបាច់ត្រូវដោះស្រាយលើរាល់វិវាទនៅក្នុងដំណើរការផ្តល់ប្លង់កម្មសិទ្ធិដែលកើតឡើងដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងព្រំប្រទល់ និងតំបន់ដែលមានភាពចម្រូងចម្រាសខាងកម្មសិទ្ធិដីធ្លី។ គោលដៅចុងក្រោយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺបង្កើតប្រព័ន្ធរដ្ឋបាលដីធ្លីដោយប្រសិទ្ធភាព និងភាពស្មោះត្រង់។
ចំពោះម្ចាស់ដីដែលមានប្លង់រឹងប្រព័ន្ធរួចហើយនេះមានន័យថាក្បាលដីរបស់ពួកគេត្រូវបានវាស់វែង យ៉ាងច្បាស់ដោយមន្រ្តីសុរិយោដី ហើយព្រំដែនដីរបស់ពួកគេមានការព្រមព្រៀងគ្នា និងផ្តិតមេដៃបញ្ជាក់ដែលអាចបញ្ជក់បន្ថែមលើសុវត្ថិភាពនៃកម្មសិទ្ធិលើអចលនទ្រព្យ។
ប្លង់រឹងប្រព័ន្ធអាចផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យលើគ្រប់ទិដ្ឋភាពទាំងអស់នៃអចលនទ្រព្យរបស់ពួកគេ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគត។ លើសពីនេះទៀតប្លង់រឹងប្រព័ន្ធគឺជាប័ណ្ណកម្មសិទ្ធិស្របច្បាប់១០០%ដែលម្ចាស់អចលនទ្រព្យត្រូវទទួលបាន។
រងចាំអានអត្ថបទភាព២របស់យើងនៅសប្តាហ៍ក្រោយដែលនឹងនិយាយអំពីការដាក់ពាក្យស្នើរសុំធ្វើប្លង់រឹងប្រព័ន្ធ និងឯកសារត្រូវភ្ជាប់ជាមួយក៏ដូចជាថ្លៃឈ្នួលនិងចម្លើយពាក់ព័ន្ធដើម្បីឆ្លើយសំណួរសំខាន់ៗមួយចំនួនស្តីពីដំណើរការនៃការធ្វើប្លង់ កម្មសិទ្ធិប្រភេទ LMAP៕
ដៃគូផ្សព្វផ្សាយ៖ realestate.com.kh