​តើ​ត្រូវពិចារណា​លើ​ចំណុច​អ្វី​ខ្លះ​​ប្រសិន​បើ​អ្នក​ទិញ​ផ្ទះ​ជា​លើកដំបូង?​



នៅកម្ពុជាការទិញអចលនទ្រព្យលើកដំបូងអាចជាការងារដ៏ធំមួយប្រសិនបើអ្នកគឺជាអ្នកទិញផ្ទះលើកដំបូងអ្នកគួរតែពិចារណាលើចំណុចខាងក្រោមមុនពេលអ្នកធ្វើការសម្រេចចិត្ត៖ គោលបំណងនៃការទិញផ្ទះថ្មី៖ ផ្ទះមានច្រើនប្រភេទផ្សេងៗគ្នាហើយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិក៏ខុសគ្នាដែរសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់បានផ្ទះមួយដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នកដែលមានភាពធំទូលាយ លោកអ្នកអាចពិចារណាទិញផ្ទះវីឡា។ វីឡាផ្តល់នូវទីធ្លាធំទូលាយសម្រាប់គ្រួសាររបស់អ្នកមានកន្លែងសម្រាកងាយស្រួលនិងមានភាពឯកជន។ ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញសូមគិតពីផ្ទះអាជីវកម្មមួយដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើនអចលនទ្រព្យទាំងនេះអាចឱ្យអ្នកទាំងជាកន្លែងសម្រាប់រស់នៅ និងធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាចង់បានទីតាំងនៅកណ្តាលទីក្រុង និងចង់រស់នៅក្នុងជីវិតបែបទំនើបអ្នកអាចពិចារណាទិញខុនដូ។ អត្ថប្រយោជន៍បន្ថែមនៃខុនដូគឺថាអ្នកតែអាចដាក់ជួលបាននៅពេលអនាគតប្រសិនបើអ្នកសម្រេចចិត្តមិនរស់នៅដោយខ្លួនឯង។ ប្រសិនបើអ្នកមានបំណងទិញដើម្បីទុកលក់យកផលចំណេញអ្នកអាចពិចារណាទិញអចលនទ្រព្យមុនគម្រោង (គម្រោងមិនទាន់សាងសង់ ឬកំពុងសាងសង់) ពីគម្រោងអភិវឌ្ឍន៍ថ្មីមួយ។ គម្រោងអភិវឌ្ឍន៍បុរីថ្មីៗនៅតាមតំបន់ជាយក្រុងជាធម្មតាមានសក្តានុពលខ្ពស់សម្រាប់ការលក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្ទាប់។ ឬប្រសិនបើអ្នកមានលុយច្រើនសម្រាប់វិនិយោគអ្នកអាចពិចារណាលើគម្រោងខុនដូថ្មីមួយសម្រាប់លក់យកផលចំណេញខ្ពស់។ ទោះជាយ៉ាងណាក៏ដោយសូមចងចាំថាគម្រោងអចលនទ្រព្យទាំងនេះនឹងមិនបញ្ចប់ឆាប់រហ័សដែលអាចរស់នៅភ្លាមៗនោះទេដូច្នេះត្រូវប្រាកដថាអ្នកនឹងជ្រើសរើសអ្នកអភិវឌ្ឍន៍ត្រឹមត្រូវដោយមានអាជ្ញាប័ណ្ណ និងប្រវត្តិត្រឹមត្រូវ។ ទីតាំងផ្ទះដែលអ្នកចង់បាន៖ ការទិញផ្ទះនៅចំកណ្តាលទីក្រុងវាពិតជាល្អបំផុតដោយសារមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រើប្រាស់ជាមូលដ្ឋានគ្រប់គ្រាន់។ ទោះជាយ៉ាងណាតម្លៃអចលនទ្រព្យស្ទើរតែទាំងអស់នៅកណ្តាលក្រុងបានឈានដល់កម្រិតកំពូលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការកកស្ទះចរាចរក៏កាន់តែខ្លាំងឡើងៗ ក្នុងទីក្រុងអ្នកទិញផ្ទះថ្មីភាគច្រើន(ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម) គួរជ្រើសរើសទិញនៅតាមតំបន់ជាយក្រុងក្នុងតម្លៃទាបមួយ។ តំបន់ជាយក្រុងភ្នំពេញ និងតំបន់ដទៃទៀតនៃប្រទេសកម្ពុជាគឺជាតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងដែលនៅតែមានសក្តានុពលខ្ពស់សម្រាប់អាជីវកម្មខ្នាតតូច ពាណិជ្ជកម្មកំណើនប្រជាជន និងកំណើនតម្លៃអចលនទ្រព្យ។ បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរឆ្ពោះទៅកាន់តំបន់ជាយក្រុងដើម្បីជម្រុញតំបន់នេះឱ្យកាន់តែមានភាពទាក់ទាញនិងមានប្រជាជនរស់នៅច្រើន។ មិនថាអ្នកទិញផ្ទះសម្រាប់រស់នៅ ឬធ្វើអាជីវកម្ម ឬលក់បន្តនោះទេអ្នកគួរតែស្វែងរកទីតាំងល្អនៅជិតផ្សារសាលា រៀន មន្ទីរពេទ្យ និងសេវាផ្សេងៗ ទីតាំងគឺជាការពិចារណាដ៏សំខាន់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ ផែនការហិរញ្ញវត្ថុ៖ ការរៀបចំផែនការថវិកាសម្រាប់ផ្ទះថ្មីរបស់អ្នកគឺមានសារៈសំខាន់ណាស់សម្រាប់ការចំណាយនាពេលអនាគត។ ជាមួយនឹងផែនការថវិកាច្បាស់លាស់អ្នកនឹងអាចរៀបចំខ្ទង់ចំណាយបានយ៉ាងល្អសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ គ្មានប្រាក់ចំណូលទៀងទាត់អ្នកអាចមានបញ្ហាបន្ទាប់ពីការទិញ ផ្ទះដំបូងរបស់អ្នក។ ប្រសិនបើអ្នករៀបចំផែនការចំណាយជាមុន អ្នកនឹងមានភាពងាយស្រួលក្នុងការសម្រេចថាតើគួរតែខ្ចីប្រាក់ប៉ុន្មានពីធនាគារ។ កម្ចីទិញផ្ទះ៖ អ្នកទិញផ្ទះភាគច្រើននៅកម្ពុជាជាទូទៅមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ នេះជាមូល​ហេតុដែលពួកគេជ្រើសរើសយកជម្រើសខ្ចីប្រាក់ដើម្បីទូទាត់សម្រាប់ផ្ទះថ្មីរបស់ពួកគេ។ ធនាគារផ្សេងគ្នានឹងផ្តល់ជូននូវប្រភេទកម្ចីទិញផ្ទះផ្សេងៗគ្នាក្នុងអត្រាការប្រាក់ផ្សេងៗគ្នាដែរ។ ទោះជាយ៉ាងណានៅពេលអ្នកទទួលបានប្រាក់កម្ចីទិញផ្ទះអ្នកនឹងត្រូវបានចងភ្ជាប់ដោយលក្ខខណ្ឌរបស់ធនាគាររួមទាំងអត្រាការប្រាក់ដែលបានគិតលើប្រាក់កម្ចីនោះ។ បន្ទាប់ពីពិនិត្យឃើញលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីទិញផ្ទះធនាគារនឹងតម្រូវឱ្យអ្នកដាក់ទ្រព្យធានា លិខិតបញ្ជាក់ប្រាក់ខែ អត្តសញ្ញាណប័ណ្ណ និងអ្នកធានា។ សម្រាប់ហេតុផលនេះវាប្រហែលជាល្អបំផុតក្នុងការគិតអំពីទំហំនៃប្រាក់កម្ចីរបស់មុន នឹងអ្នកជ្រើសរើសផ្ទះរបស់អ្នក។ ជម្រើសមួយទៀតគឺទូទាត់ដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍ (ប្រសិនបើវាជាគម្រោងថ្មី)។ ក្នុងករណីនេះអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះអាចខ្ពស់ជាងជម្រើសជាមួយធានាគារដូច្នេះត្រូវប្រុងប្រយ័ត្នបំផុតមុនពេលអ្នកចុះកិច្ចសន្យា។ ការចំណាយបន្ថែម៖ តាមភាពជាក់ស្តែងការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយត្រឹមតែថ្លៃផ្ទះនោះទេ អ្នកក៏គួរតែគិតអំពីការចំណាយបន្ថែមផ្សេងទៀតលើតម្លៃរបស់អចលនទ្រព្យ។ មានថ្លៃមួយចំនួនដែលអ្នកត្រូវដឹងនៅពេលអ្នកទិញអចលនទ្រព្យ។ ថ្លៃចំណាយទាំងនោះរួមមានពន្ធលើការផ្ទេរកម្មសិទ្ធិ សេវាច្បាប់ ពន្ធអចលនទ្រព្យ សេវាផ្ទៀងផ្ទាត់ប្លង់ ថ្លៃប្រតិបត្តិការប្រាក់កម្ចី ថ្លៃការធានារ៉ាប់រងផ្ទះ សេវាភ្នាក់ងារអចលនទ្រព្យ និងការចំណាយប្រចាំខែ៕ ផ្ដល់​សិទ្ធិ​៖ realestate.com.kh
X
5s