លោក​ គឹម​ ហ៊ាង​ បង្ហាញ​​គន្លឹះ ៥​យ៉ាង​​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​រីក​ចម្រើន​ដោយ​និរន្តរភាព! ​​



កាល​ពី​យប់​ថ្ងៃ​ទី​ ៥​ សីហា​ ម្សិលមិញ​ ​លោក​ គឹម​ហ៊ាង​ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA) ​និង​ជា​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE  ​ ​បាន​​សរសេរ​នូវ​លើ​គណនី​សង្គម​ Facebook ​របស់​លោក​នូវ​គន្លឹះ​ ៥​យ៉ាង​ ដើម្បី​ឱ្យ​​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​រីកចម្រើន​ប្រកប​ដោយ​និរន្ត​ភាព​បាន​ក្នុង​នោះ​មាន៖ ១) ​ប្លង់ដី​សម្រាប់​ដីឡូតិ៍​​ បុរី និង​ខុន​ដូ មិនគួរ​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ដាក់​បញ្ចាំង​នៅ​ធនាគារ ដើម្បី​ខ្ចី​លុយ ព្រោះ​បើ​លុយ​ទិញ​ដី គាត់​មិន​មាន​គ្រប់​ផង តើ​គាត់​មាន​លុយ​ឯណា​ទៅ​អភិវឌ្ឍន៍​ និង​សាងសង់។ ២) ឈប់​បាន​ឈប់​ទៅ​ចំពោះ​ពាក្យ​ថា ទិញ​ដោយ​គ្មាន​ការប្រាក់ និង​បង់​រំ​លោះ​ដោយ​គ្មាន​ប្រាក់​កក់ ព្រោះ​វា​អាច​ធ្វើ​​ឱ្យ​​មានការ​យល់​​ច្រឡំ​​ដល់​ប្រជាជន​ទូទៅ​។ ៣) អ្នកទិញ​ត្រូវ​តែ​មាន​ប្រាក់​កក់​ពី​៣០% ដល់​៥០% ហើយ​នៅសល់​អាច​ខ្ចី​ធនាគារ​បាន ​ដើម្បី​ធានា​បាន​ថា គាត់​ជា​អ្នកទិញ​ពិតប្រាកដ ហើយ​អាច​ឱ្យ​​អ្នកលក់​យកលុយ​នេះ​ទៅ​អភិវឌ្ឍន៍​ និង​សាងសង់​បាន​។ ៤) អ្នក​អភិវឌ្ឍន៍​​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​អោយ​ទទួល​ការបង់​រំ​លោះ​ដោយ​ផ្ទាល់​ជាមួយ​អ្នកទិញ ព្រោះ​វា​ជា​ការ​ងារ​របស់​ធនាគា​រ ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​យក​ប្លង់ដី​គម្រោង​ទៅ​បញ្ចាំ​នៅ​ធនាគារ ការប្រាក់​ ៧% ដល់​៨% តែ​គាត់​តម្រូវ​​ឱ្យ​​ទិញ​បង់​រំ​លោះ​ជាមួយ​គាត់​វិញ​ពី​១២%​ដល់​១៨% ប្រចាំឆ្នាំ​។ ៥) សូម​ធ្វើ​ការងារ​តាម​ជំនាញ និង​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ ដើម្បី​ឱ្យ​ខ្លួន​ឯង​ ក្រុម​គ្រួសារ​ និង​សង្គមជាតិ​៕
X
5s