ការទិញលំនៅដ្ឋានប្រភេទបុរី៖ គន្លឹះសំខាន់ៗដែលអ្នកទិញត្រូវយល់ដឹង
មុនពេលអ្នកទិញលំនៅដ្ឋាននៅក្នុងគម្រោងបុរីមានចំនុចមួយចំនួនអ្នកត្រូវពិចារណាឲ្យបានម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ។
តើគម្រោងលំនៅដ្ឋានប្រភេទបុរីមានចំណុចពិសេសអ្វីខ្លះផ្ដល់ជូនលោកអ្នក?
បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋាននៅក្នុងសហគមន៍មួយ ហើយលំនៅដ្ឋាននៅក្នុងគម្រោងបុរីនោះរួមមាន៖ វីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះមានសំណង់ខុនដូផងដែរ។
គម្រោងអភិវឌ្ឍន៍បុរីមានអចលនទ្រព្យច្រើនប្រភេទនៅក្នុងនោះផងដែរសម្រាប់ឯកជន និងគ្រួសារជាធម្មតាវាមាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការរៀបចំទុកដាក់សំរាមជាដើម។ ចំណុចសំខាន់ដែល មាននៅក្នុងបុរីគឺមានទីធ្លាធំទូលាយ និងសុវត្ថិភាពការពារខ្ពស់។
លំនៅដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍន៍បុុរីគឺជាជម្រើសមួយដ៏ល្អដោយសារផ្ទះថ្មីរបស់អ្នកស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ និងមាន ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ បានន័យថាការរស់នៅជាសហគមធានាបាននូវស្តង់ដាខ្ពស់ប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាព។ ចំណុចទាំងនេះត្រូវបានក្លាយជាសក្តានុពលមួយសម្រាប់ធ្វើការវិនិយោគ វាមានភាពល្អជាងផ្ទះដែលមិនមែនស្ថិត នៅក្នុងគម្រោងបុរី។
តើគម្រោងអភិវឌ្ឍន៍បុរីមានទីតាំងនៅកន្លែងណាខ្លះ?
គម្រោងអភិវឌ្ឍន៍បុរីភាគច្រើនស្ថិតនៅជាយទីក្រុងភ្នំពេញ មានគម្រោងមួយចំនួនតូចស្ថិតនៅក្នុងក្រុងដោយសារតែជាយក្រុងសល់ដីទំនេរច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍។ មានទីតាំងមានសក្តាផ្សេងទៀតដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទន្ទឹមនឹងនេះផងដែរមានគម្រោងមួយចំនួនបានសាងសង់នៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រធំៗជាដើម។
ម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងនោះបានជ្រើសរើសតំបន់អភិវឌ្ឍន៍នៅលើទីតាំងដូចជា៖ ដីស្រែចំការ ឬបឹងជាដើម ដើម្បីប្រែក្លាយតំបន់ទាំងនោះក្លាយជាទីក្រុងតូចៗ។ ការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើនដោយសារមានការពង្រីកទីក្រុង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ទាំងអស់នេះក៏បានក្លាយជាកត្តាមួយនាំឲ្យតម្លៃឡើងថ្លៃបន្ទាប់គម្រោងទាំងនោះបានបញ្ចប់។
តើជនបរទេសអាចទិញលំនៅដ្ឋានប្រភេទបុរីបានដែរឬទេ?
ជនបរទេសមិនមានសិទ្ធិទិញផ្ទះនៅក្នុងបុរីបាននោះទេ យោងតាមមាត្រា៨នៃច្បាប់ភូមិបាលបានចែងថា "ជនបរទេសណា ដែលបានក្លែងបន្លំសញ្ជាត្តិដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធនៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវទទួលទោសតាមច្បាប់ក្រោមមាត្រា២៥១នៃច្បាប់នេះ ហើយត្រូវដកហូតអចលនទ្រព្យដែលបានទិញនោះក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយគ្មានបានទទួលសំណងអ្វីទាំងអស់" ដោយឡែកគម្រោងបុរីក៏មានខុនដូសម្រាប់លក់ផងដែរជាមួយប័ណ្ណកម្មសិទ្ធិរួមសម្រាប់ជន បរទេស ឬការទិញដោយភាគីតំណាងដែលជាជនជាតិខ្មែរ។
ស្វែងយល់បន្ថែមការទិញអចលនទ្រព្យតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប្រភេទប័ណ្ណកម្មសិទ្ទិផ្សេងៗនៅក្នុងប្រទេសកម្ពុជា
ខ្ញុំជាជនជាតិខ្មែរតើខ្ញុំអាចទិញផ្ទះនៅក្នុងគម្រោងបុរីដែរឬទេ?
ជនជាតិខ្មែរមានសិទ្ធិទិញផ្ទះនៅក្នុងគម្រោងបុរីបានដោយគ្មានបញ្ហាអ្វីនោះទេ ដោយគ្រាន់តែប្រាកដថាយើងមានឯកសារពាក់ពន្ធស្របច្បាប់ និងហិរញ្ញវត្ថុគ្រប់គ្រាន់តែប៉ុណ្ណោះ។
មុនពេលទិញផ្ទះនៅក្នុងគម្រោងបុរីតើយើងត្រូវពិនិត្យមើលលើចំណុចអ្វីខ្លះ?
អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួនឯងថាបុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួួយឡើយ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។ អ្នកទិញត្រូវតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញតួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។
ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា៖ ប្លង់រឹង លិខិតចុះបញ្ជីក្រុមហ៊ុន ផែនការមេអាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី។
ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍នេះ ហើយគម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែលត្រូវធ្វើការបែងចែកប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។ ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិការជាយថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។
លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និងអ្នកអភិវឌ្ឍន៍ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់។
ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាចប្រាប់ថាតើគម្រោងមានហេដ្ឋារចនាសម្ព័ន្ធដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េចមិនត្រឹមតែប៉ុណ្ណោះមុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេច្បាស់លាស់ជាមុនសិន។ ការអភិវឌ្ឍន៍ទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់វាពិតជាធ្វើឲ្យគម្រោងបុរីនោះធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។
អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេមានប្រាក់តម្កល់២%ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុនមានវត្ថុដាក់ធានាមានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។
អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាប័ណ្ណបុរីនៅពេលដែលបុរីមានឯកសារនេះហើយបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាពប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនបានបញ្ជីទទួលយកអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយក្រសួងឡើយដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះគម្រោងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពិតជាមានហានិភ័យខ្លាំងណាស់សម្រាប់អតិថិជន។
តើខ្ញុំគួរទិញផ្ទះនៅក្នុងគម្រោងបុរីជាមួយប្លង់រឹង ឬប្លង់ទន់?
ជាទូទៅអ្នកអាចទិញលំនៅដ្ឋានជាមួយប្លង់រឹង ឬប្លង់ទន់ប៉ុន្តែចំណុចសំខាន់អ្នកត្រូវពិនិត្យឲ្យបានច្បាស់ថាអ្នកអភិវឌ្ឍន៍នោះមានប្លង់រឹងមេមួយសម្រាប់គម្រោងអភិវឌ្ឍន៍។
កញ្ញា ឡាយ សូលីដា មេធាវីប្រចំាក្រុមហ៊ុនច្បាប់មួយនៅក្រុងភ្នំពេញបាននិយាយថា "មុនពេលទិញបុរីត្រូវប្រាកដថាគម្រោងបុរីនោះមានការចុះបញ្ជីអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវហើយត្រូវប្រាកដថាបុរីនោះមានការកាន់កាប់ប្លង់រឹងមេត្រឹមត្រូវហើយត្រូវបែងចែកប្លង់រឹងមកឲ្យអ្នកដែលទិញបុរីដទៃទៀត។"
គម្រោងបុរីត្រូវមានប្លង់រឹងមេមួយដើម្បីបញ្ជាក់អំពីសិទ្ធិពេញលេញក្នុងការអភិវឌ្ឍន៍គម្រោង។ អ្នកអាចស្វែងរកព័ត៌មានបន្ថែម អំពីរឿងរាវច្បាប់ផ្សេងៗដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍បុរី ដែលទាំងអស់នេះបុរីណាដែលមានប្លង់រឹងគឺបានផ្តល់ទំនុកចិត្ត សម្រាប់អ្នកទិញ។
លោកតារ៉ាដែលទើបទិញផ្ទះក្នុងគម្រោងបុរីមួយកន្លែងនៅក្នុងក្រុងភ្នំពេញ គាត់បាននិយាយថាគាត់បានដឹងរួចទៅហើយនៃ និតិវិធីទាំងនេះ គាត់បានបន្ថែមថា "ខ្ញុំទិញផ្ទះមួយកន្លែងដោយជ្រើសរើសការបង់ប្រាក់រំលោះជាមួួយគម្រោងបុរីនោះផ្ទាល់តែម្តង ដោយមិនទាន់បានប្លង់រឹងតែម្តងនោះទេ ដំបូងគេចេញត្រឹមលិខិតទិញលក់តែប៉ុណ្ណោះ រហូតដល់ការបង់ប្រាក់រំលោះបានបញ្ចប់ទើបខាងបុរីបានចេញប្លង់ទន់ ក្នុងករណីនេះអ្នកត្រូវធ្វើលិខិតពាក់ព័ន្ធផ្សេងៗដើម្បីធ្វើប្លង់រឹងដោយខ្លួនឯង។"
ក្នុងករណីនេះ លោក ឃាង ពុទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនស្លឹករឹតរិលធីបានផ្តល់បទសំភាសន៍ជាមួយសារព័ត៌មានពាណិជ្ជកម្មកម្ពុជាថា “យើងត្រូវពិនិត្យមើលឯកសារដូចជា៖ ប័ណ្ណកម្មសិទ្ធិ ច្បាប់សាងសង់របស់ម្ចាស់បុរីក៏ដូចជាអាជ្ញាប័ណ្ណពាក់ព័ន្ធដោយក្រសួងពាក់ព័ន្ធនានាការធ្វើបែបនេះយើងនឹងមានសុវត្ថិភាពនៅពេលដែលយើងមានឯកសារទំាងនេះគ្រប់គ្រាន់។”
ប៉ុន្តែប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីនោះមានប្លង់រឹងមេក៏ដោយ ប៉ុន្តែពួកគេបានចេញត្រឹមប្លង់ទន់ទៅឲ្យអ្នកទិញ តើករណីនេះវាទៅជាយ៉ាងណា?
សម្រាប់លោក ចេង សុខនៅ ជាមន្រ្តីឥណទានប្រចំាធនាគារអេស៊ីលីដាមានមតិសុទិដ្ឋិនិយមអំពីការទិញបុរីគាត់បាននិយាយថា“វាមិនមែនជាបញ្ហាចោទអ្វីខ្លាំងនោះទេទោះបីជាអ្នកទទួលបានតែប្លង់ទន់ក៏ដោយចំណុចសំខាន់យើងត្រូវប្រាកដ ថាគម្រោងបុរីដែលយើងទិញត្រូវតែស្របច្បាប់ត្រឹមត្រូវ ដោយឡែកនៅពេលដែលបុរីនោះចេញត្រឹមប្លង់ទន់ក៏ដោយក៏យើងនៅតែមានសិទ្ធិធ្វើប្លង់រឹងដដែលវាមិនមានជាបញ្ហាចោទអ្វីនោះទេ។”
ប្លង់រឹងមេមួយនៅតែជាចំណុចស្នូលមិនថាឡើយអ្នកទទួលបានប្លង់ទន់ក៏ដោយនៅពេលដែលអ្នកទិញផ្ទះនៅ ក្នុងគម្រោងបុរីក៏ដោយ យើងនៅតែអាចធ្វើប្លង់រឹងបានដដែលវាគឺជាសុវត្ថិភាពផ្ទាល់នៅពេលអ្នកមានប្លង់រឹងអ្នកមិនមានភាពភ័យខ្លាចអ្វីនោះទេសម្រាប់ធ្វើផ្ទះថ្មីរបស់អ្នក។
ហេតុអ្វីបានជាគម្រោងមេរបស់គម្រោងអភិវឌ្ឍន៍បុរីមានសារៈសំខាន់?
ក្នុងនេះផងដែរផែនការមេពិតជាផ្នែកមួយយ៉ាងសំខាន់ដែលអ្នកទិញគួរតែដឹងផងដែរ។ មុនពេលទទួលបានអាជ្ញាប័ណ្ណគម្រោងអភិវឌ្ឍន៍ក៏ត្រូវមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ដើម្បីបង្ហាញដល់ក្រសួង។ ក្រសួងធ្វើការត្រួតពិនិតថាតើការភិវឌ្ឍន៍ត្រឹមត្រូវ នឹងអាចទទួលបានជោគជ័យ ឬក៏អត់នៅពេលអនាគត! ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើគម្រោងធ្វើការបំប៉ោងតម្លៃទីផ្សារដែរឬទេ! ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។
ជាមួយគ្នានេះផងដែរលោកស្រីសុជាតាក៏លើកឡើងដែរថា “ប្រសិនបើរកឃើញថាគម្រោងលក់ចេញទាបជាងតម្លៃទីផ្សារនោះយើង(ក្រសួង)អាចជួបពិភាក្សាជាមួយម្ចាស់គម្រោងក្នុងការពិចារណាលើតម្លៃលក់ឡើងវិញធៀបទៅនឹងតម្លៃថ្លៃដើម និងការចំណាយផ្សេងៗទៀតដើម្បីឲ្យគម្រោងលក់ចេញក្នុងតម្លៃសមរម្យមួយ។”
តើអាជ្ញាប័ណ្ណបុរី អាជ្ញាប័ណ្ណសាងសង់ និងលិខិតចុះបញ្ជីក្រុមហ៊ុនមានសារៈសំខាន់ដូចម្តេច?
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណងបានធ្លាប់បានធ្វើសេចក្តីតិប្រកាសរួមគ្នាឲ្យគម្រោងសាងសង់មួយចំនួនមកចុះបញ្ជីនៅក្រសួងពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា។
លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា “ជាទូទៅមុនពេលចេញអាជ្ញាប័ណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុនមានវត្ថុដាក់ធានាមានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។ ទាំងនេះគឺជាការការពារទាំង ម្ចាស់គម្រោង និងអ្នកទិញ។”
លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណពីក្រសូួងសេដ្ឋកិច្ច និងហិរញ្ញសម្រាប់គម្រោងលំនៅដ្ឋានមួយ។ សូមគិតនៅក្នុងចិត្តជានិច្ចថាតើគម្រោងមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ! ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផ្ទាល់ និងមិនចំណាយលុយចោលឥតប្រយោជន៍។”
និយាយជារួមប្រសិនបើយើងទិញគម្រោងណាដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេវាជាការទិញដ៏ប្រថុយប្រថានយ៉ាងខ្លាំង។ ហើយនៅពេលដែលគម្រោងទាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺវាមាន អត្ថប្រយោជន៍ក្នុងការបង្កើតឲ្យមានមូលដ្ឋានរឹងមាំក្នុងប្រព័ន្ធហិរញ្ញវត្ថុនិងទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ បង្កើតយន្តការទិញលក់អចលនទ្រព្យឲ្យបានច្បាស់លាស់ដោយមានការធានាខុសត្រូវរវាងអ្នកអភិវឌ្ឍន៍និងអ្នកទិញជាពិសេសក្នុងគោលបំណងដើម្បីធ្វើការការពារ និងទប់ស្កាត់ហានិភ័យនៅពេលដែលក្រុមហ៊ុនក្ស័យធន។
តើខ្ញុំគួរតែត្រួតពិនិត្យអាជ្ញាប័ណ្ណនៃម្ចាស់គម្រោងអភិវឌ្ឍន៍ដែរទេ?
កត្តាដែលធ្វើឲ្យមានការព្រួយបារម្ភជាងគេនោះដោយសារតែម្ចាស់គម្រោងបុរីមួយចំនួនបានស្នើសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះគឺមិនបានស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវនោះឡើយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកទិញផ្ទះពាក់ព័ន្ធទៅនឹងការទទួលកម្មសិទ្ធិជាន់គ្នា។
ដូចនេះមុនពេលអ្នកសម្រេចចិត្តទិញផ្ទះគម្រោងបុរីណាមួយអ្នកត្រូវប្រាកដថាគម្រោងបុរីនោះជាគម្រោងស្របច្បាប់ និងមានឯកសារផ្លូវច្បាប់សំខាន់ៗ ផ្សេងទៀតមានដូចជា៖ ផែនការមេ និងប្លង់រឹង។
តើអ្នកទិញគួរគិតអំពីផែនការថវិការរបស់គម្រោងបុរីដែរឬទេ?
ដូចរៀបរាប់ខាងដើមម្ចាស់គម្រោងបុរីបានសាងសង់គម្រោងរបស់ពួកគាត់ដោយបានប្រើប្រាស់ប្រភពថវិការផ្សេងៗគ្នាមួយចំនួនបានថវិការពីការស្នើឥណទានពីធនាគារ ខ្លះបានមកពីថវិការផ្ទាល់របស់ក្រុមហ៊ុន ឯមួយចំនួនដាក់ផ្លាកលក់ដើម្បីរង់ចាំទទួលថវិការពី អតិថិជនយកមកសាងសង់បុរី។
សម្រាប់គម្រោងអភិវឌ្ឍន៍ដែលបានមកពីឥណទានធនាគារវាអាចជាគម្រោងដែលមានសុវត្ថិភាពសម្រាប់អ្នកទិញដោយសារ គម្រោងអភិវឌ្ឍន៍នោះត្រូវបានធ្វើការសិក្សាពីលក្ខខណ្ឌយ៉ាងល្អិតល្អន់ពីធនាគារទើបអាចទទួលបានហិរញ្ញវត្ថុបានយកមក វិនិយោគគម្រោងអភិវឌ្ឍន៍បាន។
សម្រាប់គម្រោងអភិវឌ្ឍន៍ដែលចាំយកប្រាក់ពីអតិថិជនតាមរយៈការបង់រំលោះ គឺមានភាពប្រថុយប្រថានបន្តិចដោយសារម្ចាស់គម្រោងគឺបានរងចាំទទួលប្រាក់ទាំងនោះដើម្បីធ្វើការសាងសង់បណ្តើរៗដោយគ្មានផែនការបញ្ចប់ច្បាស់លាស់ ប្រសិនបើមិនបានទទួលការបង់ ប្រាក់ទៀងទាត់នោះទេគម្រោងនោះនឹងត្រូវខូចខាត។
តើខ្ញុំគួរទិញផ្ទះដោយការបង់រំលោះ ឬយ៉ាងណា?
តាមការលើកឡើងរបស់ លោក យិន លាងគង់ការីនិពន្ធផ្នែកសេដ្ឋកិច្ចប្រចាំទូរទស្សន៍BTVបានឲ្យដឹងថា“តាមពិតទៅអ្នកអភិវឌ្ឍន៍មួយចំនួនគឺបានប្រើវិធីសាស្រ្តការបង់ប្រាក់ដោយមិនមានប្រាក់កក់គឺមានន័យថាអតិថិជនអាចបង់ប្រាក់រំលោះបានតែម្តង នៅពេលការសាងសង់រួចរាល់យើងអាចចូលទៅនៅបានតែម្តង”ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ផងដែរថា “យើងត្រូវចំណាយពេលប្រមាណ៥ទៅ១០ឆ្នាំដើម្បីបង់ប្រាក់ហើយការចំណាយលើការបង់ថ្លៃផ្ទះអាចលើសពីតម្លៃដើមយ៉ាងច្រើន។”
នេះជាការសម្រេចចិត្តរបស់អ្នកទិញយើងអាចធ្វើការបង់ប្រាក់ជាដំណាក់កាល ចាប់តំាងពីការបុកគ្រឹះសាងសង់ផ្ទះដំបូងរហូតដល់គម្រោងបានបញ្ចប់ការបង់ប្រាក់បែបនេះវានឹងប្រើប្រាស់រយៈពេលវែងនិងការបង់ប្រាក់កាន់តែច្រើន។ យើងអាចទាញ សេចក្តីសន្និដ្ឋានថាការបង់ប្រាក់បែបនេះប្រហែលជាម្ចាស់គម្រោងប្រើប្រាស់ប្រាក់ទាំងនោះដើម្បីចាប់ផ្តើមសាងសង់។ មួយវិញ ទៀតជាយុទ្ធសាស្រ្តទីផ្សារដើម្បីធ្វើការប្រកួតប្រជែង។
តើគួរទិញលំនៅដ្ឋានប្រភេទបុរីមុនពេលការសាងសង់បានបញ្ចប់ ឬយ៉ាងណា?
ការទិញលំនៅដ្ឋានដែលទើបចាប់ផ្តើមសាងសង់អាចមានតម្លៃទាបជាងតម្លៃដែលបានសាងសង់រួច ប៉ុន្តែនៅពេលដែលម្ចាស់ អភិវឌ្ឍន៍រងចាំប្រាក់ពីអតិថិនជនដើម្បីរៀបចាំការសាងសង់ អ្នកទិញគួរតែរៀបចាំផែនការថវិការឲ្យបានត្រឹមត្រូវមុនពេលធ្វើ ការបង់ប្រាក់។ វាអាចមានហានិយភ័យប្រសិនបើអ្នកទិញផ្ទះបែបនេះដូចបានរៀបរាប់ខាងដើមនៅពេលដែលអ្នកទិញមិនមាន លទ្ធភាពបង់ប្រាក់ដូចនេះគម្រោងអភិវឌ្ឍន៍នេះក៏ត្រូវក្ស័យធនដោយសារតែមិនមានថវិការគ្រប់គ្រាន់ក្នុងការធ្វើប្រតិបត្តិការបន្ត។
ដោយឡែកប្រសិនបើគម្រោងនេះ ជាគម្រោងមួយដែលទទួលហិរញ្ញវត្ថុពីធនាគារគឺមានភាពប្រសើរនិងសុវត្ថិភាពលោកអ្នកអាចជ្រើសរើសទិញផ្ទះដែលទើបចាប់ ផ្តើមសាងសង់វាជាការល្អ។
តើមានផ្តល់ហិរញ្ញវត្ថុដល់អ្នកទិញដែរឬទេ?
វាជាការប្រសើរប្រសិនបើអ្នកសាកសួរអំពីការផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងករណីអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដោយ បង់ប្រាក់ទាំងដុល។ នេះជាវិធីសាស្រ្តបង់ប្រាក់ដ៏ល្អមួយដើម្បីសម្រួលក្នុងការទទួលបានគេហដ្ឋានសម្រាប់រស់នៅ ម្យ៉ាងទៀតវា មិនចាំបាច់ចំណាយពេលសន្សំប្រាក់ដោយប្រើរយៈពេលយូរនោះឡើយ។
មានការផ្តល់ប្រាក់កម្ចីទិញផ្ទះតាមរយៈធនាគារក្នុងស្រុកយ៉ាងច្រើន ដោយផ្តល់ជូនអត្រាការប្រាក់ខុសគ្នា និងលក្ខខណ្ឌផ្សេងៗគ្នា ប៉ុន្តែគម្រោងអភិវឌ្ឍន៍បុរីក៏ផ្តល់ប្រាក់កម្ចីដោយផ្ទាល់ផងដែរ។ សូមធ្វើការស្វែងរកព័ត៌មានកម្ចីផ្ទះតាមរយៈធនាគារក្នុងស្រុក ដែលនៅជិតលោកអ្នក!
តើគួរយកកម្ចីទិញផ្ទះពីធនាគារ ឬពីគម្រោងអភិវឌ្ឍន៍ដោយផ្ទាល់?
ប្រសិនបើ់អ្នកទទួលប្រាក់កម្ចីពីធនាគារ ជាធម្មតាអ្នកអាចទទួលប្រាក់កម្ចីចាប់ពី៧០%នៃតម្លៃផ្ទះដែលលោកអ្នកចង់ទិញ ហើយអ្នកត្រូវមានប្រាក់ដើមចំនួន៣០ភាគរយ លុះត្រាតែអ្នកមានទ្រព្យបញ្ចំាឬប្រាក់ចំណូលទៀងទាត់។ ចំណែកឯអត្រាការប្រាក់ចាប់ពី៧%ក្នុងមួយឆ្នាំជាមួយរយៈពេលកម្ចីរហូតដល់១៥ឆ្នាំ។
ដូចបានបញ្ជាក់ខាងដើមលក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចីពីធនាគារមានភាពស្មុគស្មាញបន្តិច ដោយឡែកវាមានភាពងាយ ស្រួលនៅពេលអ្នកស្នើប្រាក់កម្ចីពីគម្រោងអភិវឌ្ឍន៍ដោយផ្ទាល់អ្នកមិនចាំបាច់បញ្ជាក់មានប្រាក់តម្កល់ របាយការណ៍ប្រាក់ចំណូ ល ប្រចាំខែ និងទ្រព្យដាក់ធានាអ្វីទាំងអស់ ហើយមានភាពលឿនរហ័សក្នុងការអនុម័តផ្តល់ប្រាក់កម្ចីទៀតផង។
ធនាគារផ្តល់ជូននូវលក្ខខណ្ឌស្មុគស្មាញបន្តិច វាអាចផ្តល់ផលពិបាកសម្រាប់អ្នកទិញ ប៉ុន្តែវាធានាសុវត្ថិភាព និងភាពជឿជាក់ ចំណែកឯគម្រោងអភិវឌ្ឍន៍បុរីការផ្តល់កម្ចីមានភាពងាយស្រួលប៉ុន្តែប្រឈមមុខនឹងហានិភ័យ៕
ផ្ដល់សិទ្ធិ៖ realestate.com.kh