ការិយាល័យរួម (Co-working Space) ទទួលបានភាពពេញនិយមនៅកម្ពុជា​



បរិបទនៃប្រភេទការិយាល័យធ្វើការរួមគ្នាជាគំនិតថ្មីដែលបានចូលមកកម្ពុជាក្នុងរយៈពេលខ្លីមួយហើយទីបំផុតបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយវាបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លីនៅក្នុងប្រទេស។ ភាគច្រើននៃការិយាល័យរួមគឺជាក្រុមហ៊ុនបរទេសដែលទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងត្រឹមតែក្នុងរយៈពេលពីរបីឆ្នាំកន្លងមក។ កន្លែងធ្វើការរួមគ្នាទាំងនោះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗ ឬសហគ្រិន អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។ ការិយាល័យរួមគឺជានិន្នាការថ្មីនាំទៅដល់បរិស្ថានការងាររួមគ្នាមួយ ជាធម្មតាស្រដៀងគ្នាទៅនឹងការិយាល័យដែរ។ តែមិនដូចការិយាល័យធម្មតាទេ ដោយសារការិយាល័យរួមទាំងនេះជាធម្មតាគឺមិនត្រូវបានកាន់កាប់ដោយអង្គការ ឬក្រុមហ៊ុនតែមួយនោះទេ។ ប្រភេទការិយាល័យរួមនេះបានរីកចម្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ ជាមួួយគ្នានេះខេត្តសៀមរាបក៏មានការិយាល័យរួមដូចជា៖ The 1961 Co-working & Art Space និង Angkor Hub. ទោះបីជាការិយាល័យរួមនៅតែជាគំនិតថ្មីនៅកម្ពុជា ដែលទើបចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub បានបញ្ចាក់ថាការិយាល័យរួមទទួលបានការពេញនិយមខ្លាំងក្នុងរយៈពេល២ឆ្នាំមកនេះ​។ អ្នកស្រីនិយាយថា “យើងបានពង្រីកធំជាងមុនបីដង។ វាទំនងជាបន្តកើនឡើងថែមទៀតនៅពេលដែលអាជីវកម្មថ្មីៗបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា។ យើងចង់គាំទ្រ​និងជម្រុញឲ្យប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគាត់។ អ្នកស្រី Olivia ពន្យល់ទៀតថាការិយាល័យរួមគឺជាកន្លែងធ្វើការដែលមានភាពធំទូលាយមិនមានជញ្ជាំង ដែលនរណាក៏អាចចូលរួមបាន។ កន្លែងធ្វើការងាររួមគ្នានៃសហគមន៍របស់យើងនៅ Impact Hub ត្រូវបានបង្កើតឡើងសម្រាប់ អ្នកធ្វើការងារផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សហគ្រិន អ្នកធ្វើការឯករាជ្យ ឬអ្នកនិពន្ធជាដើម។ ការិយាល័យរួមគឺជាសេវាកម្មថ្មីដែលអ្នកអាចធ្វើការនៅក្នុងបរិស្ថានស្ងប់ស្ងាត់មានអ៊ិនធើណិតល្បឿនលឿនហើយក៏ជាកន្លែងល្អបំផុតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងជួបមនុស្សថ្មីៗ។ រួមជាមួយគ្នានេះដែរ លោក ហម គីមហួន ជានាយកផ្នែកបណ្តុះបណ្តាលនៅ Wecreate Cambodia​ បាននិយាយថា “ថ្វីបើជាបរិបទថ្មីមួយ តែការិយាល័យរួមគឺជាការិយាល័យសម្រាប់អ្នកគ្រប់គ្នាដែលកំពុងធ្វើការនៅឆ្ងាយពីកន្លែងការងារជាការងារផ្ទាល់ខ្លួន ឬការងារជាក្រុមតូចមួយ។ ការិយាល័យរួមផ្តល់ជូននូវលក្ខណៈពិសេស និងភាពបត់បែនដែលក្នុងនោះមានដូចជាវគ្គបណ្តុះបណ្តាល ទំនាក់ទំនងហើយក៏ជាកន្លែងមួយដែលបើកទូលាយសម្រាប់ការពិភាក្សាគ្នា។ ជាក់ស្តែង ការិយាល័យរួមនៅកម្ពុជាបានផ្តល់ជូននូវឱកាសដ៏ល្អក្នុងការជួបមនុស្សមកពីវិស័យផ្សេងគ្នាឲ្យពួកគេបានជួបគ្នារៀនពីគ្នាទៅវិញទៅមក ក៏ដូចជាផ្លាស់ប្តូរនូវគំនិតអាជីវកម្មខុសគ្នាឲ្យគ្នាទៅវិញទៅមក។ ខេត្តសៀមរាបជាខេត្តដែលប្រជុំដោយជនបរទេសចម្រុះគ្នាបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការិយាល័យរួម ជាមួយនឹងការជម្រុញលើកទឹកចិត្តច្រើន។ លោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថា “កម្ពុជាមានទីផ្សារដ៏មានសក្តានុពលសម្រាប់ប្រភេទការិយាល័យរួមនេះ ហើយខេត្តសៀមរាបគឺជាទីផ្សារធំទីពីរបន្ទាប់ពីទីក្រុងភ្នំពេញដោយសារតែខេត្តនេះប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ ជនបរទេស និងយុវជនជាច្រើននៅក្នុងតំបន់។ ហើយជាមួយនឹងការិយាល័យរួមរ​បស់ The 1961 សមាជិកអាចទទួលបានសេវាកម្មពិសេសជាច្រើនដូចជា បន្ទប់ប្រជុំបន្ទ​ប់ប្រជុំភ្ជា​ប់ជាមួយប្រព័ន្ធស្កាយ និងបន្ទប់រួមធំ ទូលាយ និងបន្ទប់ផ្សេងៗដែលអាចប្រើប្រាស់បានតាមតម្រូវការ។ លោក Loven​ បានបន្ថែមថា The 1961 បានប្រែក្លាយមកពីសណ្ឋាគារនៅឆ្នាំ២០១៤។ ការផ្លាស់ប្តូរនេះគឺដោយសារតែមើលឃើញពីសក្ដានុពលនៅក្នុងតំបន់​ ហើយមើលឃើញថាយុវជនមានគំនិតអាជីវកម្មជាច្រើន ប៉ុន្តែពួកគេមានធនធានមិនគ្រប់គ្រាន់ទាក់ទងទៅនឹងតម្រូវការការិយាល័យ ហើយការិយាល័យជួលមានតម្លៃថ្លៃ។ ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia និយាយថា “សម្រាប់សមាជិកពេញម៉ោងមានតម្លៃ៦០ដុល្លារក្នុងមួយខែ ហើយសមាជិកមិនពេញម៉ោង (ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ។ សមាជិកក៏អាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ខ្លួនជាមួយកូនសោរក្នុងតម្លៃ១៥០ដុល្លារ។ រីឯលោក Loven​ បាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិកប្រសិនបើសមាជិកជួលក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ១០​ដុល្លារសម្រាប់រយៈពេល៣​​ថ្ងៃ២០​ដុល្លារសម្រាប់មួយសប្តាហ៍ និង១០០​ដុល្លារសម្រាប់ការជួលមួយខែ។ នេះជាតម្លៃសម្រាប់រដូវកាលដែលមានសមាជិកតិចតែសម្រាប់រដូវដែលមានសមាជិកច្រើនវិញតម្លៃក៏កើនឡើងខ្ពស់ជាងនេះដែរ។ ទោះបីជាយ៉ាងណា តម្លៃនៃការជួល នេះនៅតែទាបជាងធ្វើការនៅក្នុងការិយាល័យផ្ទាល់ខ្លួន ឬក៏នៅហាងកាហ្វេដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។ អត្ថបទ​លម្អិត​សូម​ realestate.com.kh
X
5s