តើនរណាជាសត្រូវធំបំផុតក្នុងជីវិតរបស់អ្នក?
នៅពេលដែលគេនិយាយទៅដល់ពាក្យថា «សត្រូវ» គេតែងតែនឹកឃើញទៅដល់មនុស្សដែលប្រឆាំង និង ចាំបំផ្លាញអ្នក ឬនិយាយដោយខ្លីថា កត្តាខាងក្រៅ។ វាមិនខុសនោះទេ ប៉ុន្តែ «សត្រូវ»ប្រភេទនេះមិនទាន់ជា ឧបសគ្គធំក្នុងជីវិតរបស់អ្នកនោះឡើយ។ ផ្ទុយទៅវិញ មានខ្លួនឯងជាសត្រូវ គឺជាឧបសគ្គធំបំផុតក្នុងជីវិត។ មនុស្សជាច្រើនមិនចាប់អារម្មណ៍លើចំណុចនេះនោះឡើយ ហើយតែងបន្ទោសលើកត្តាខាងក្រៅជាធំ ដែលនាំឲ្យខ្លួនឯងរស់នៅគ្មានសេចក្ដីសុខ និង មិនដែលស្គាល់ឡើយពាក្យថា «សុភមង្គល»។
ដោយសារតែរវល់តែទប់ទល់នឹងកត្តាខាងក្រៅ ម្ល៉ោះហើយគ្មានពេលទៅគិតរឿងកត្តាខាងក្នុង ពោលគឺ «ខ្លួនឯង» ជាហេតុនាំឲ្យខ្លួនឯងបំផ្លាញខ្លួនឯងតាមអំពើចិត្ត ហើយក៏មិនដែលដឹងខ្លួន។ ខាងក្រោមនេះ ជាហេតុផលដែលបញ្ជាក់ថា អ្នកមានខ្លួនឯងជាសត្រូវដ៏ធំបំផុត៖
១) ខ្វះការអប់រំចិត្ត៖ មនុស្សខ្លះចាប់ឆេវឆាវ ឆាប់ខឹង ហើយងាយនឹងផ្ទុះរឿងរ៉ាវផ្សេងៗ រហូតឈានដល់អំពើហិង្សា។ បញ្ហាទាំងនេះ នឹងនាំទុក្ខដាក់ខ្លួនអ្នក និង អ្នកដទៃយ៉ាងងាយបំផុត។ គ្មាននរណាអាចគេចផុតពីបញ្ហាទាំងនេះឡើយ ប៉ុន្តែខុសគ្នាត្រង់ថា មនុស្សដែលបានអប់រំផ្លូវចិត្តខ្លួនឯងបានល្អ នោះពួកគេងាយនឹងបញ្ចៀសវាណាស់ ហើយព្យាយាមពង្រួមពីបញ្ហាធំមកតូច ប៉ុន្តែសម្រាប់អ្នកដែលមិនដែលបានសិក្សា និង អប់រំផ្លូវចិត្តរបស់ខ្លួនវិញ គឺងាយនឹងធ្វើឲ្យរឿងរ៉ាវកាន់តែផ្ទុះឡើង គឺប្រៀបបាននឹងផ្លុំប៉េងប៉ោងអ៊ីចឹង គឺផ្លុំរហូតដល់ផ្ទុះតែងម្ដង។
២) មិនបានសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ៖ មនុស្សដែលអវិជ្ជា គឺប្រៀបបាននឹងដំបៅ ដែលរុយ និង ដង្កូវជាច្រើនកំពុងព្យាយាមមកក្បែរ។ បើអ្នកព្យាយាមដេញរុយ ឬ ដង្កូវទាំងនោះ គឺវាមិនមែនជាមធ្យោបាយល្អនោះឡើយ ពោលគឺវាគ្រាន់តែជាវិធីបណ្ដោះអាសន្នប៉ុណ្ណោះ។ វិធីដ៏ល្អបំផុត គឺត្រូវព្យាយាមព្យាបាលដំបៅនោះឲ្យជះ។ សម្រាប់មនុស្សអវិជ្ជាវិញ គឺមិនខុសគ្នានោះទេ ពោលគឺមនុស្សប្រភេទនេះងាយនឹងមានបញ្ហាជាច្រើនកើតឡើងខ្លាំងណាស់ ព្រោះទី១ ខ្លួនឯងពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត និង ទី២ ងាយនឹងគេបោកខ្លាំងណាស់ ដូច្នេះហើយបើចង់រំដោះខ្លួនចេញពីបញ្ហាទាំងនេះ គឺត្រូវតែព្យាយាមរំដោះខ្លួនចេញពីភាពអវិជ្ជាឲ្យបាន បើមិនដូច្នោះទេ មួយជីវិតនេះរកសុខមិនឃើញឡើយ។
៣) ពាក្យសុខ និង ទុក្ខរបស់ខ្លួន ផ្ញើលើ«អណ្ដាត»អ្នកដទៃ៖ ធម្មជាតិរបស់មនុស្ស គឺមិនងាយផ្គាប់ចិត្តនោះឡើយ ព្រោះមនុស្សតែងតែមានគំនិតផ្សេងៗគ្នា ព្រោះចំណេះដឹងផ្សេងគ្នា វប្បធម៌ផ្សេងគ្នា ស្ថានភាពសេដ្ឋកិច្ចផ្សេងគ្នា និង សាសនាផ្សេងគ្នា។ បើអ្នកជាមនុស្សដែលទទួលបានសុខ ឬ ទុក្ខដោយផ្អែកលើអណ្ដាតរបស់អ្នកដទៃ នោះមានន័យថា អ្នកនឹងទទួលបានទុក្ខ ច្រើនជាងសុខ ហើយមួយជីវិតនេះ គឺមិនខុសអ្វីទៅហើយខ្លែងនោះទេ ព្រោះខ្យល់បក់មកពីណា នឹងរេរាំទៅតាមនោះ។ ដូច្នេះហើយ ត្រូវចាំថា អ្នកគឺជាមនុស្សដែលសំខាន់បំផុតក្នុងការកំណត់ជោគវាសនារបស់ខ្លួន ហើយបើអ្នកមិនយល់អំពីចំណុចនេះទេ គឺវាមិនចម្លែកទេ ដែលអ្នកកំពុងរស់នៅក្នុងជីវិតដែលគ្មានន័យ។
៤) មោទនភាពជ្រុលចំពោះខ្លួនឯង៖ មនុស្សត្រូវតែមានមោទនភាពចំពោះអ្វីដែលខ្លួនមាន ព្រោះវាជាកម្លាំងចិត្តមួយ ដើម្បីរុញឲ្យអ្នកមានចិត្តធ្វើការបន្តទៀត។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ មនុស្សគឺចូលចិត្តមោទនភាពជ្រុលចំពោះខ្លួនឯង ដោយគិតថា ខ្លួនឯងខ្លាំងលើសគេ ចេះលើសគេ និង មានកម្រិតអប់រំលើសពីគេ ហើយគ្មាននរណាអាចធ្វើដូច។ ការគិតបែបនេះហើយ ដែលធ្វើឲ្យអ្នកបិទផ្លូវខ្លួនឯង រហូតមិនអាចទទួលគំនិត ឬ យោបល់របស់អ្នកដទៃ ដែលប្រៀបបានដូចជា កង្កែបនៅក្នុងអណ្ដូងអ៊ីចឹង គឺគិតតែម្យ៉ាងទេថា ខ្លួនអស្ចារ្យជាងគេ ដោយភ្លេចគិតថា មានអ្វីខ្លះដែលប្រសើរជាងនេះ។ មោទនភាពជ្រុលចំពោះខ្លួនឯង នឹងរារាំងខ្លួនឯងមិនឲ្យអភិវឌ្ឍខ្លួនទៅមុខទៀត ព្រោះគិតថាខ្លួនចេះអស់ រហូតដល់ថ្នាក់ដើរចូលមាត់ជ្រោះទាំងមោទនភាព។
៥) ខ្វះការជឿជាក់លើខ្លួនឯង៖ កុំជឿជាក់ជ្រុលពេកចំពោះខ្លួនឯង តែត្រូវតែមានការជឿជាក់។ បើអ្នកចង់ឲ្យគេជឿជាក់អ្នក ដំបូងឡើយត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។ មនុស្សច្រើនណាស់ មិនអាចធ្វើកិច្ចការផ្សេងៗបានសម្រេច ទោះបីជាមើលទៅមានជំនាញ និង ចំណេះដឹងសមល្មមនឹងអាចសម្រេចបានក៏ដោយ។ កាលណាអ្នកមិនជឿជាក់លើខ្លួនឯង មានន័យថា អ្នកបានគិតថាខ្លួនឯងអន់បាត់ទៅហើយ។ បើគិតថា អន់ហើយ នោះសកម្មភាពនឹងស្ដែងចេញតាមហ្នឹងដែរ៕
ដោយ៖ រតនា វិចិត្រ