ទីផ្សារអាផាតមេនកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង
នៅពេលនិយាយដល់ការផ្គត់ផ្គង់ គេត្រូវពិនិត្យមើលតម្រូវការជាក់ស្តែងមុនពេលវិនិយោគលើវិស័យអ្វីមួយ ជាក់ស្តែងទីផ្សារអាផាតមេនកំពុងដើរមកដល់ផ្លូវកាន់តែចង្អៀត ខណៈទំហំនៃការផ្គត់ផ្គង់បានកើនឡើង ធៀបនឹងតម្រូវការនៅមានកម្រិត ហើយវិស័យខុនដូបាននឹងកំពុងចូលមកក្នុងទីផ្សាររួមគ្នាមួយនេះ។
អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KFA លោក ឧកញ៉ា នួន រិទ្ឋីបានថ្លែងឲ្យដឹងថាតំលៃអាផាតមេនបានធ្លាក់ចុះចន្លោះពី១០ ទៅ២០ភាគរយធៀបនឹងឆ្នាំមុន ដោយសារការផ្គត់ផ្គង់អាផាតម៉ិនច្រើនចូលទីផ្សារ និងអ្នកវិនិយោគមួយចំនួនបានបំពាក់សម្ភារៈមិនសូវមានគុណភាព ធ្វើឲ្យពួកគេអាចដាក់តំលៃជួលទាបជាងមុន ពិសេសម្ចាស់អាផាតមេនចាស់ៗដែលមិនបានធ្វើបច្ចុប្បន្នភាពអាគាររបស់ពួកគេ ក៏បានធ្វើការទំលាក់តំលៃជួលរបស់ពួកគេផងដែរ។
លោកបន្តថា “ទីផ្សារបច្ចប្បន្ននេះកំពុងមានការប្រកួតប្រជែងគ្នាទាំងតំលៃ សេវាកម្ម និងគុណភាព ដូច្នេះអ្នកវិនិយោគដែលមិនគិតពីអនាគត ពួកគេនឹងមានបញ្ហានៅពេលខាងមុខ”។លោកបន្តថា “អាផាតមេនដែលគ្មានអាងហែលទឹកនៅលើកំពូល គ្មានចំណតយានយន្ត និងកន្លែងហាត់ប្រាណ ពិតជាប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងក្នុងការស្វែងរកអ្នកជួល”។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអេស៊ារៀលអេស្ទេតលោកប៉ូ អ៊ាវគង់បានថ្លែងថា ទីផ្សារអាផាតម៉ិនមិនត្រឹមតែប្រកួតប្រជែងជាមួយអាផាតមេនដូចគ្នាទេ តែក៏កំពុងប្រកួតប្រជែងជាមួយទីផ្សារខុនដូ ដែលបាននិងកំពុងកើនទ្បើងយ៉ាងគំហុកផងដែរ ព្រោះខុនដូនិងអាផាតមេនអាចប្រើប្រាស់សម្រាប់គោលដៅដូចគ្នា ដែលកត្តានេះបាននិងកំពុងធ្វើឲ្យទីផ្សារអាផាតមេនកាន់តែចង្អៀត។លោកបន្តថា តំលៃជួលអាផាតមេនបានធ្លាក់ចុះក្នុងរង្វង់ពី៥ទៅ១០ភាគរយអាស្រ័យតាមតំបន់ និងលក្ខខ័ណ្ឌរបស់អាផាតមេននិមួយៗ។
លោកបន្តថា“អត្រាប្រើប្រាស់អាផាតមេនអាចមានកំណើនតិចតួចនៅឆ្នាំនេះ ប៉ុន្តែការផ្គត់ផ្គង់ចូលទីផ្សាររបស់អាគារ អាផាត មេននានាបានកើនទ្បើងកាន់តែច្រើន ធៀបនឹងតម្រូវការជាក់ស្តែង”។លោកបន្តថា “វាដល់ពេលដែលវិស័យអាផាតមេន និងខុនដូប្រកួតប្រជែងគ្នាកាន់តែស្រួចស្រាវពីឆ្នាំនេះទៅ ប៉ុន្តែបើនិយាយពីចំនួនអាផាតមេនដែលមានបច្ចុប្បន្នគឺមិនទាន់ដល់កម្រិតខ្ពស់ពេកនោះទេ”។
លោកបន្តថាតំលៃអាផាតមេនកម្រិតAមានតំលៃក្នុងរង្វង់២០ដុល្លារ អាផាតមេនកម្រិតBមានតំលៃចន្លោះ១០ទៅ១៥ដុល្លារ និងអាផាតមេនកម្រិតCមានតំលៃចន្លោះពី៧ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប កាលពីឆ្នាំមុនបានឲ្យដឹងថា ចំនួនអាផាតមេនដែលបានផ្គត់ផ្គង់ចូលទីផ្សារ កាលពីឆ្នាំមុនមានកំណើន៣៥ភាគរយធៀបនឹងឆ្នាំ២០១៤ ដោយចំនួនអាផាតមេនបានកើនដល់ចំនួនជាង៦០០០យូនីត ធៀបនឹង៤០០០យូនីតកាលពីឆ្នាំ២០១៤។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានថ្លែងថា ទីផ្សារអាផាតមេនបានឈានដល់ដំណាក់កាល “ត្រីធំស៊ីត្រីតូច” មានន័យថាអាផាតម៉ិនចាស់កំពស់ពី៥ទៅ៧ជាន់នៅតំបន់បឹងកេងកង១ ត្រូវធ្វើបច្ចុប្បន្នភាពសេវាកម្មរបស់ពួកគេឬត្រូវវាយចោល ដើម្បីសាងសង់អាគារខ្ពស់ ដែលមានភាពទាក់ទាញទាំងរចនាបទ ការរចនាក្នុងអាគារ និងការបំពាក់សេវាកម្ម សម្ភារៈបរិក្ខាទំនើបដើម្បីទាក់ទាញអតិថិជន។
លោកបន្តថា “បច្ចុប្បន្នទីផ្សារនេះដល់ដំណាក់កាលថ្មីមួយ ដែលអ្នកខ្លាំងទើបឈរជើងបាននៅក្នុងទីផ្សារនេះ ហើយអ្នកខ្សោយនឹងស្លាប់”។
ទោះជាយ៉ាងណាលោកខុម មុនីរតន៍ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនDaily Realty Groupបានបដិសេធនឹងការលើកទ្បើងខាងលើ ដោយលោកបានថ្លែងថា “ខ្ញុំសង្កេតឃើញចំនួនប្រើប្រាស់អាផាតមេនមិនផ្លាស់ប្តូរទេ ជាក់ស្តែងអាផាតមេនប្រណីតនៅតំបន់បឹងកេងកេង១ នៅតែមានអ្នកប្រើប្រាស់ចន្លោះពី៩០ទៅ៩៥ភាគរយដដែល”។លោកបន្តថា “តំលៃជួលអាផាតមេនក៏មិនធ្លាក់ចុះនោះទេ ទាំងអាផាតមេន ដែលមាការឌីសាញអាគារទំនើបៗ និងអាផាតមេនដទៃទៀត ប៉ុន្តែខ្ញុំទទួលស្គាល់ថា ការប្រកួតប្រជែងក្នុងវិស័យនេះកំពុងកើនទ្បើង”។
លោកបន្តថា ចំនួនអ្នកប្រើប្រាស់អាផាតមេនបាននិងកំពុងកើនទ្បើងច្រើន ដោយសារកម្ពុជាទទួលបានអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី និងប្រទេសជប៉ុនចូលមកកាន់តែច្រើននៅឆ្នាំនេះ ដោយសារកម្ពុជាកាន់តែមានស្ថិរភាព និងការចាប់ផ្តើមសហគមន៍សេដ្ឋកិច្ចអាស៊ាន។
អានអត្ថបទនេះ លើ realestate.com.kh