ហេតុផលទាំង៦យ៉ាង ដែលមនុស្សរាល់គ្នាមិនគួរនៅឆ្ងាយពីភាពបរាជ័យពេកនោះទេ
ត្រូវចងចាំថា គ្មានអ្នកណាចង់បរាជ័យនោះទេ។ តាមការពិតទៅ មនុស្សយើងទេដែលទទួលភាពបរាជ័យខ្លួនឯង។ ពួកគេមានអារម្មណ៍ថាខ្មាសអ្នកដទៃ ជាពិសេសនៅពេលដែលភាពបរាជ័យនោះត្រូវបានគេដឹងជាសាធារណៈ។ ខាងក្រោមនេះនឹងបង្ហាញអ្នកហេតុអ្វីបានជាអ្នកត្រូវស្វាគមន៍ភាពបរាជ័យ។
១) បើអ្នកមិនដែលបរាជ័យ នោះមានន័យថាអ្នកក៏មិនដែលព្យាយាមដែរ៖ ការបរាជ័យ គឺជាសញ្ញាមួយដែលបង្ហាញថាអ្នកបានព្យាយាមហើយ តែអ្នកនៅតែមិនទទួលបានភាពជោគជ័យ។ មានមនុស្សជាច្រើនខ្លាចភាពបរាជ័យ ហើយមិនហ៊ានសូម្បីតែសាក។ កាលណាអ្នកមិនព្រមព្យាយាមធ្វើអ្វីដែលខ្លួនចង់បាននោះទេដោយហេតុថា ខ្លាចភាពបរាជ័យនោះ អ្នកនឹងគ្មានថ្ងៃអាចស្គាល់ភាពជោគជ័យដែរ។
២) ការបរាជ័យនីមួយៗអាចនាំអោយយើងកាន់តែខិតជិតគោលបំណងឬភាពជោគជ័យ៖ នេះហេតុផលទី២ដែលបង្ហាញថាការបរាជ័យអាចជារឿងល្អមួយ។ ការបរាជ័យនាំមកនូវមេរៀន និងបទពិសោធន៍ដែលអ្នកអាចរៀននឹងដឹងថា តើអ្នកត្រូវធ្វើយ៉ាងម៉េចទៀតនៅពេលក្រោយ។
៣) តើអ្នកសុខចិត្តបរាជ័យ ឬ ស្ដាយក្រោយដែលមិនបានសាកល្បង?៖បើអ្នកមិនដែលខំប្រឹងទាល់តែសោះ អ្នកអាចមានអារម្មណ៍អាក្រក់ជាងការបរាជ័យទៅទៀត។ បើអ្នកបោះបង់ឥឡូវនេះ អ្នកនឹងស្ដាយក្រោយអស់មួយជីវិត។
៤) អ្នករៀនពីមេរៀនជីវិត៖ បន្ថែមពីអ្វីដែលអ្នកអាចរៀនពីវិធីដើម្បីសម្រេចគោលបំណងរបស់អ្នក ការបរាជ័យអាចអោយអ្នករៀនពីមេរៀនជីវិតដែលអ្នកមិនអាចរៀននៅកន្លែងផ្សេងបាន។ ដូច្នេះហើយ អ្នកមិនគួរភ័យខ្លាចការបរាជ័យពេកនោះទេ។
៥) បរាជ័យអាចជួយពិសោធទៅលើក្ដីសុបិនកាន់តែច្បាស់៖ បើអ្នកបរាជ័យ ហើយបោះបង់ នោះបង្ហាញថាអ្វីដែលអ្នកកំពុងធ្វើនោះ វាមិនមែនជាក្ដីសុបិនរបស់អ្នកពិតនោះទេ។ ដូច្នេះហើយការបរាជ័យអាចបង្ហាញពីអ្វីដែលអ្នកស្រឡាញ់ពិតប្រាកដ។
៦) បរាជ័យនឹងជោគជ័យមិនខុសគ្នានោះទេ៖ មនុស្សជាច្រើនគិតថា ការបរាជ័យផ្ទុយពីភាពជោគជ័យ។ តាមការពិត វាមិនមែនអ៊ីចឹងនោះទេ។ ជាការពិតណាស់ ការបរាជ័យអាចជាផ្លូវដែលអាចនាំអ្នកទៅរកភាពជោគជ័យ។ នៅពេលអ្នកជោគជ័យនៅថ្ងៃណាមួយ អ្នកអាចនឹងអរគុណដល់រឿងដែលមិនជោគជ័យកន្លងមកមិនខាន៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ addicted2success.com